លោក ប៉ែន បូណា៖ និន្នាការជជែកវែកញែកជារឿងល្អសម្រាប់សង្គមខ្មែរ តែសូមចៀសវាងការជេរប្រមាថគ្នា!

សង្គម​និង​សេដ្ឋកិច្ច

ក្រោយសង្កេតឃើញប្រជាមតិតាមបណ្ដាញសង្គមបន្តជជែកគ្នាយ៉ាងក្ដៅគគុក លើប្រធានបទ៖ «អ្នកមាន និងអ្នកក្រ» លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចូលរួមជាទស្សនៈទានជាថ្មីម្ដងទៀត ដើម្បីបានជាធាតុចូលបន្ថែម ដល់បងប្អូនជនរួមជាតិ។ ក្នុងនោះ លោកក៏បាន សង្កត់ធ្ងន់ថា និន្នាការជជែកវែកញែកក្នុងរូបភាព ឬលើប្រធានបទណាមួយ ជារឿងល្អសម្រាប់សង្គមខ្មែរ ប៉ុន្តែ សូមជនរួមជាតិ ចៀសវាងការជេរប្រមាថគ្នា!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាទស្សនៈផ្ទាល់ខ្លួន ទាំង៤ ចំណុច របស់លោក ប៉ែន បូណា អតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា៖

ទី១៖ បច្ចុប្បន្នមានវាគ្មិនសង្គមកាន់តែច្រើនដែលលើកយកបញ្ហានេះ ឬបញ្ហានោះមកបកស្រាយ ហើយចែករំលែកការយល់ឃើញនិងបង្កើតបានជាការជជែកវែកញែកតាមរយៈការបញ្ចេញមតិ។ នេះគឺជានិន្នាការល្អមួយសម្រាប់សង្គមខ្មែរ ដែលមិនសូវមានទម្លាប់ជជែកវែកញែកគ្នាប៉ុន្មានទេ។ យ៉ាងណាសូមចៀវាងការជេរប្រមាថគ្នា។

ទី២៖ វាគ្មិនដែលបញ្ចេញមតិរិះគន់អំពីឥរិយាបថឬទម្លាប់មិនសូវល្អរបស់អ្នកក្រមួយចំនួន គឺពួកគាត់មានចេតនាល្អទេក្នុងការដាស់តឿនអ្នកក្រឲ្យកែប្រែឥរិយាបថមិនល្អនោះចោលដើម្បីកសាងជីវភាពរបស់ខ្លួនឲ្យបានប្រសើរជាងមុន។ ប៉ុន្តែ ជួនកាល ចេតនាល្អនោះមិនត្រូវបានក្រុមមនុស្សដែលយើងចង់សំដៅនោះទទួលយកឡើយនៅពេលដែលពួកគេយល់ឃើញថា ពាក្យសម្តីដាស់តឿននោះជាការរើសអើង ឬមាក់ងាយដល់ពួកគេ។

ទី៣៖ នៅក្នុងសង្គមខ្មែរយើង ការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រ ឬអ្នកស្រែនិងអ្នកក្រុង គឺជារឿងរសើបដែលងាយនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មនុស្សភាគច្រើនពីព្រោះការប្រៀបធៀបហាក់បានបង្ហាញថា អ្នកក្រនិងអ្នកស្រែតែងតែអន់ជាងអ្នកមាននិងអ្នកក្រុង ដែលតាមការពិតវាមិនប្រាកដជាដូច្នោះទេ។ «អ្នកមានមិនមែនសុទ្ធតែល្អ អ្នកក្រមិនមែនសុទ្ធតែខ្ជិល»ឬ «អ្នកស្រែមិនមែនសុទ្ធតែល្ងង់ អ្នកក្រុងមិនមែនសុទ្ធតែឆ្លាត»។ ដូច្នេះ គេគួរចៀសវាងការប្រៀបធៀបបែបនេះដោយប្រើរបៀបពន្យល់ផ្សេងពីនេះវិញ។

ទី៤៖ សង្គមណាក៏ដោយក៏តែងតែមានអ្នកមាននិងអ្នកក្រ អ្នកមានចំណេះដឹងខ្ពស់និងអ្នកមានចំណេះដឹងទាប អ្នកឆ្លាតនិងអ្នកមិនសូវឆ្លាត អ្នកទីក្រុងនិងអ្នកជនបទ រស់នៅលាយឡំគ្នា។ ប្រសិនបើយើងសំដៅតែទៅលើទ្រព្យសម្បត្តិ ឬទីតាំងដែលមនុស្សរស់នៅ ឬសញ្ញាបត្រដែលពួកគេមាន ដើម្បីធ្វើជាខ្នាតវាស់ក្នុងការវាយតម្លៃមនុស្ស គេប្រាដកជាមើលឃើញថា អ្នកមាន អ្នកទីក្រុងនិងអ្នកចេះ ដឹងសុទ្ធតែល្អ។

ប៉ុន្តែ ក្នុងសង្គមមនុស្ស គេក៏ត្រូវគិតគូរពីសីលធម៌ គុណធម៌ និងភាពស្មោះត្រង់របស់មនុស្សផងដែរ។ ក្នុងន័យនេះ គ្រប់ជំពូកមនុស្សសុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់រៀងៗខ្លួន ដោយគ្មានមនុស្សក្រុមណាមួយអាចតាំងខ្លួនជាគំរូគេគ្រប់យ៉ាងបានឡើយ។

ដូច្នេះ កត្តាទ្រព្យសម្បត្តិ ចំណេះវិជ្ជា មជ្ឈដ្ឋានដែលមនុស្សរស់នៅ ឬឋានៈសង្គម នៅមិនទាន់អាចបញ្ជាក់ពីតម្លៃពិតប្រាកដរបស់មនុស្សបាននៅឡើយទេ។

គួរបញ្ជាក់ថា លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតចាស់ទុំ ក្នុងវិស័យព័ត៌មាននៅកម្ពុជាផងនោះ ជារឿយៗ លោក តែងតែចូលរួមជាទស្សនៈទាន និងចែករំលែកពុទ្ធិផ្ទាល់ខ្លួន លើបញ្ហាសង្គមនានា ដែលកំពុងកើតឡើង ក្នុងន័យឱ្យភាគីកំពុងពាក់ព័ន្ធ ទទួលបាននូវទស្សនៈបន្ថែម សម្រាប់យកទៅពិចារណាដោយសុភវិនិច្ឆ័យ និងដើម្បីជាចំណែកមួយក្នុងការកសាងសង្គម ប្រកបដោយ សុខសន្តិភាព វឌ្ឍនភាពសង្គម និងភាតរភាព ក្នុងនាមជាជនរួមជាតិតែមួយ៕