ស្នងការខេត្តកំពតអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្តជឿស្ថាប័នពាក់ព័ន្ធរឿងវិវាទលុយ ៤០លានដុល្លារជាមួយឧកញ៉ា ជា សារ៉ន

សង្គម​និង​សេដ្ឋកិច្ច

ទំព័រហ្វេសប៊ុកស្នងការខេត្តកំពត នៅព្រឹកថ្ងៃទី២៣មេសានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្តនិងកុំបារម្មណ៏ ដោយសូមជឿទុកចិត្តលើអភិបាលខេត្ត រួមទាំងស្ថាប័នច្បាប់ ដែលមានព្រៈរាជអាជ្ញារ និងប្រធានសាលាដំបូងខេត្ត និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះធ្វើឡើងក្រោយស្ថាបនិកក្រុមហ៊ុន ជា សារ៉ន គ្រុប ឧកញ៉ា ជា សារ៉ន និងបុគ្គលជាជនសង្ស័យចំនួន​ ៨នាក់​ផ្សេងទៀត កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរ បន្ទាប់ពីមានការដោះស្រាយក្រៅប្រព័ន្ធតុលាការពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅក្នុងវត្តអង្គឈូក ស្រុកឈូក ខេត្តកំពត។

ជា​លទ្ធផលក្រោយការសម្របសម្រួលដោយលោក ម៉ៅ ធនិន ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ ជា សារ៉ន បាន​ឯកភាព​យល់ព្រម ទទួលខុសត្រូវ និង​ចេញ​សង​រាល់​បំណុល​ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​ខ្ចី​ធនាគារ ឬ​អ្នកមានមក​ឲ្យ​ក្រុមហ៊ុន​ ហើយ​ប្លង់ដី​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​បាន​យក​ទៅ​ដាក់​ខ្ចីលុយ​នៅ​ធនាគារ​នោះ​  លោក ជា សារ៉ន ត្រូវ​ទទួលខុស​ត្រូវយក​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទាំងអស់​ ដោយឡែក ​ចំពោះ​បងប្អូន​ដែល​ទិញ​ដី បង់លុយ​គ្រប់​ចំនួន​ហើយ តែ​មិនទាន់បាន​ប្លង់ លោក​នឹង​ឲ្យ​ជំនាញ​ចុះ​រៀបចំ​ធ្វើ​ប្លង់​ជូន​។

ជាមួយគ្នានោះ ស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីយប់ថ្ងៃទី២២មេសាម្សិលមិញនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារភ្ជាប់ជាមួយរូបភាពឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន ៨នាកទៀតស្នងការខេត្តកំពតដែលកំពុងឈរវាស់កំពស់។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង ២ពាន់គ្រួសារ ត្រូវបានខាតបង់ប្រាក់ និងចាញ់បោកក្រុមហ៊ុន ជា សារ៉ន ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤០លានដុល្លារ ក្នុងមានប្រជាពលរដ្ឋក្នុងខេត្តកំពត និងនៅបណ្តាលខេត្តផ្សេងទៀត។ សម្រាប់លោកស្នងការខេត្តកំពត ប្រជាពលរដ្ឋត្រូវបានចាញ់បោកបញ្ឆោតរបស់ក្រុមហ៊ុនវិនិយោគដីឡូត៍៕