មុខរបរក្រងអង្រឹងលក់ ជួយឱ្យជីវភាពគ្រួសារមិនសូវបារម្ភខ្លំាង ទៅនិងការចំណាយប្រចំាថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

«វាយឈ្នះ»ជាភូមិមួយស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ហើយមានប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ បាននិងកំពុងចាប់យកការប្រកបមុខរបរក្រងអង្រឹងក្រណាត់ សម្រាប់លក់ទៅឱ្យក្រុមអាជីវករលក់ដូរ នៅតាមដងផ្លូវ ដើម្បីបានប្រាក់ចំណូលយកមករ៉ាប់រងទៅនិងការចំណាយដែលកើតមាននៅក្នុងគ្រួសាររាល់ថ្ងៃ។ តួយ៉ាងអ្នកស្រី ហ៊ល ស្រីលាភ បានអះអាងថា មុខរបរក្រងអង្រឹងនេះ ជួយឱ្យគ្រួសារមិនសូវជាបារម្ភខ្លំាងទៅនិងការចំណាយរាល់ថ្ងៃនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ហ៊ល ស្រីលាភ បានឱ្យដឹងថា មុខរបរក្រងអង្រឹងក្រណាត់សម្រាប់លក់នេះ ក្រុមគ្រួសារបានចាប់ផ្តើមធ្វើមានរយៈពេលប្រហែល២០ឆ្នំា គិតមកដល់ឆ្នំា២០២៣នេះ ពោលគ្រួសារចាប់ផ្តើមធ្វើអង្រឹងលក់តំាងពីក្រណាត់ក្នុងមួយគីឡូថ្លៃ៣០០រៀល ឥឡូវក្រណាត់ឡើងថ្លៃ១៥០០រៀល។

បើតាមអ្នកស្រី ហ៊ល ស្រីលាភ មុខរបរធ្វើអង្រឹងលក់នេះសម្រាប់ចំណេះដឹងឬជំនាញនេះ ម្តាយអ្នកស្រី ចេះធ្វើតំាងពីសម័យ ប៉ុល ពត មកម្លេះ ហើយកាលនោះគាត់យកត្រកៀតឬកំប្លោក មកក្រងជាអង្រឹង ហើយមកដល់សព្វថ្ងៃនេះបើសិនគ្រួសារខិតខំតែធ្វើអង្រឹងពេញមួយថ្ងៃមិនធ្វើការងារអ្វីផ្សេង ពីរនាក់ម្តាយ និងកូនអាចធ្វើអង្រឹងបានមិនតិចជាង៦០អង្រឹងនោះទេក្នុងមួយខែ សម្រាប់លក់ទៅឱ្យអ្នកលក់បន្តនៅក្នុងតំបន់។

អ្នកស្រី បញ្ជាក់ថា «ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ អាចក្រងអង្រឹងបានមួយ ព្រោះយើងក្រងដោយប្រើដៃមិនមែនដូចការប្រើម៉ាស៊ីន ម្យ៉ាងទៀតយើងធ្វើអង្រឹងនេះនៅពេលទំនេពីកិច្ចការផ្សេងៗ។សម្រាប់ការផលិតអង្រឹងមួយត្រូវការចំណាយក្រណាត់ជាង៤គីឡូក្រាម ទៅតាមប្រភេទក្រណាត់ស្រាលឬធ្ងន់ ហើយលក់ទៅម៉ូយនៅខាងក្រៅថ្លៃ១ ៦០០០រៀល ហើយក្រៅពីកាត់ចំណាយអស់ហើយអាចបានប្រាក់ចំណេញ១ម៉ឺនរៀល សម្រាប់យកមករ៉ាប់រងការចំណាយប្រចំាថ្ងៃនៅក្នុងគ្រួសារ»។

បើតាមស្រី ហ៊ល ស្រីលាភ ការប្រកបមុខរបរក្រងអង្រឹងក្រណាត់លក់ដូចសព្វថ្ងៃនេះ រកប្រាក់ចំណេញមិនឃើញនោះទេ ព្រោះលុយបានមកត្រូវការចំណាយរាល់ថ្ងៃ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់ប្រាក់ចំណូលបានមកពីការធ្វើកសិកម្ម។

អ្នកស្រីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភូមិ ដែលបាននិងកំពុងប្រកបមុខរបរក្រងអង្រឹងក្រណាត់សម្រាប់លក់មានប្រហែល៣០គ្រួសារ។សព្វថ្ងៃនេះសម្រាប់គ្រួសារខ្ញុំ ទោះបីប្រឹងប្រែងផលិតអង្រឹងញាប់ដៃញាប់ជើងយ៉ាងណាក៏ដោយ នៅតែមិនអាចឆ្លើយតបទៅនិងតម្រូវការពីខាងក្រៅ ដោយមានម៉ូយខ្លះនៅអង្គុយរងចំាឬមានអ្នកដាក់លុយឱ្យជាមុនដើម្បីបានអង្រឹងយកទៅដាក់លក់បន្តនៅទីតំាងរបស់ពួកគាត់។ក្នុងមួយថ្ងៃបើធ្វើអង្រឹងពីរនាក់ជាប់រហូតក្នុងមួយខែ យើងអាចធ្វើបានប្រមាណ៦០អង្រឹង ហើយនៅក្នុងអង្រឹងមួយអាចរកប្រាក់ចំណេញបាន១ម៉ឺនរៀល ក្រៅពីកាត់ចំណាយ។

អ្នកស្រី ហ៊ល ស្រីលាភ អះអាងដូច្នេះថា «សព្វថ្ងៃនេះ បើសិនជាក្រុមគ្រួសារមិនចាប់យកមុខរបរក្រងអង្រឹងក្រណាត់សម្រាប់លក់ទេ វាធ្វើឱ្យគ្រួសារត្រូវការចំណាយច្រើននៅក្នុងមួយខែៗ ហើយប្រាក់ចំណូលដែលបានមកនោះមិនប្រាកដថាអាចរ៉ាប់រងការចំណាយគ្រប់គ្រាន់ឡើយ។ ប៉ុន្តែនៅយើងចាប់យកមុខរបរនេះ វាអាចជួយទប់ទល់ទៅនិងការចំណាយប្រចំាថ្ងៃបានច្រើនទៅលើការហូបចុក ទឹកភ្លើង វាមិនសូវធ្វើឱ្យក្រុមគ្រួសារមិនសូវបារម្ភខ្លំាងទៅការចំណាយដូចនាពេលសព្វថ្ងៃនេះ ខណៈតម្លៃអង្រឹងមួយដាក់លក់នៅតាមដងផ្លូវថ្លៃចន្លោះពី២ម៉ឺនទៅជាង៣ម៉ឺនរៀលឬលើសពីនេះ ផ្អែកតាមគុណភាពជាក់ស្តែង»៕

អត្ថបទ៖សារេត