កម្ពុជា​-​ជប៉ុន​នឹង​ចុះ​កិច្ចព្រមព្រៀង​​ឥណទានក្នុងតម្លៃជិត១៩០លានដុល្លារ ​សម្រាប់ដំណើរការគម្រោង​​ធំៗចំនួន២

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា​រួមគ្នា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ លើ​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ចំនួន​២​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បានឱ្យដឹង ថា លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ដែល​ត្រូវ​ចុះហត្ថលេខា​នោះ​រួមមាន​៖

១. ឥណទាន​សម្បទាន​ប្រាក់​យ៉េន ដែលមាន​ទឹកប្រាក់​ចំនួន ២៣.៦៩២ លាន​យ៉េន (​ប្រមាណ ១៧២,៩៣ លាន​ដុល្លារ​អាមេរិក​)  សម្រាប់​ការអនុវត្ត  «​គម្រោង​កែលម្អ ការតភ្ជាប់​ផ្លូវ​ជនបទ​» ។ និង​២. ឥណទាន​សម្បទាន​ប្រាក់​យ៉េន ដែលមាន​ទឹកប្រាក់​ចំនួន ២.០៨១ លាន​យ៉េន (​ប្រមាណ ១៥,១៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការអនុវត្ត «​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត ខេត្តសៀមរាប ដំណាក់កាល​ទី​៣»​។​

សូមបញ្ជាក់ថា ការផ្ដល់​ជំនួយ​ខាងលើ បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ជប៉ុន ក្នុង​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ ការគាំទ្រ​នេះ ក៏​នឹង​រួមចំណែក​ផងដែរ ដល់​ការពង្រឹង​ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ ដែល​នាពេល​ថ្មី​នេះៗ បាន​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី ទៅជា​កម្រិត «​ភាពជា​ដៃគូ​យុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ខណៈពេលដែល​ប្រទេស​ទាំងពីរ កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​៕ អត្ថបទ៖​ពិសី