ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ១៩% នៅឆមាសទី១នេះ អាចប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួនដែរឬទេ?

សង្គម​និង​សេដ្ឋកិច្ច

ប្រាក់ចំណូលទទួលបានពីការផ្តល់សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញប្រចំាខែមិថុនា មានទឹកប្រាក់ជាង៣លានដុល្លារអាមេរិក កើនឡើង១% តែនៅឆមាសទី១ ឆ្នំា២០២៣ បានធ្លាក់ចុះ១៩% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។តើការធ្លាក់ចុះនៅប្រាក់ចំណូលនៅឆមាសទី១នេះ អាចធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃហ៊ុន និងការជួញដូរនៅទីផ្សារមូលបត្រដែរឬទេ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញថ្មីៗនេះ បង្ហាញថា ប្រភពប្រាក់ចំណូលប្រចំាខែមិថុនាដែលកំពង់ផែទទួលបាន៖ ១)-ចំណូលពីប្រតិបត្តិការផែ,២)-ចំណូលពីអាជ្ញាធរផែ,៣)-ចំណូលពីសេវាកម្មផ្សេងៗ និង៤)-ចំណូលផ្សេងៗគិតជាទឹកប្រាក់សរុបមានជាង៣លានដុល្លារអាមេរិក បើប្រៀបធៀបទៅនិងខែមិថុនា ឆ្នំា២០២២ ពោលគឺមានកំណើន១% ខណៈប្រាក់ចំណូលប្រចំាត្រីមាសទី២ ឆ្នំា២០២៣ មានទឹកប្រាក់ជាង៩លានដុល្លារអាមេរិក ធ្លាក់ចុះ៧% បើប្រៀបធៀបនិងត្រីមាសទី២ ក្នុងឆ្នំា២០២២ មានទឹកប្រាក់ជាង១០លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញដដែល គូសបញ្ជាក់ថា «ចំណូលប្រចំាឆមាសទី១ ឆ្នំា២០២៣ មិនទាន់ធ្វើសវនកម្មមានជាង១៧លានដុល្លារអាមេរិក ធ្លាក់ចុះ១៩% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នំា២០២២ មានទឹកប្រាក់ជាង២២លានដុល្លារអាមេរិក»។

អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ព័ត៌មានស្តីពីការធ្លាក់ចុះប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ គួរតែមិនមានផលប៉ះពាល់ជាអវិជ្ជមានធំដុំទៅលើទីផ្សារនោះទេ ពីព្រោះអ្នកវិនិយោគគាត់មិនមែនមើលតែទៅលើប្រាក់ចំណូលតែមួយមុខនោះទេ គាត់មើលទៅលើការចំណាយ និងលទ្ធផលនៃប្រាក់ចំណេញជារួម។ជួនកាលប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ ប៉ុន្តែការចំណាយត្រូវបានកាត់បន្ថយ ធ្វើឱ្យប្រាក់ចំណេញនៅអាចទទួលបាន អីចឹងអ្នកវិនិយោគនៅតែពេញចិត្តជាមួយការវិនិយោគរបស់គាត់ ដែលជាហេតុមិនធ្វើឱ្យមានការសម្រេចចិត្តត្រូវលក់ចេញភាគហ៊ុនរបស់ខ្លួនជាលក្ខណៈធំដុំនោះដែរ។

អ្នកស្រី លើកឡើងថា ជាទូទៅការធ្វើអាជីវកម្មតែងតែមានឡើងមានចុះពេលខ្លះ ដូចនេះសម្រាប់អ្នកវិនិយោគត្រូវឃ្លាំមើល បើករណីថាមានការធ្លាក់ចុះជាការបណ្តោះអាសន្នឬមើលឃើញជាសញ្ញាធ្លាក់ចុះយូរអង្វែងទើបមានសញ្ញាលក់ហ៊ុនចេញ។តែបើតាមខ្ញុំសង្កេតមើលទៅ វិនិយោគិនភាគច្រើនគាត់ហាក់បីដូចជារក្សាទុកហ៊ុនរបស់គាត់ ហើយរងចំាសង្កេតមើលនៅគ្រាបន្ទាប់។

អ្នកស្រី សង្កត់ធ្ងន់ថា «ប៉ុន្តែនៅពេលកន្លងមកខាងកំពង់ផែស្វយ័តភ្នំពេញទោះបីស្ថិតក្នុងកាលៈទេសៈជំងឺកូវីដ១៩រីករាលខ្លំាងនៅកម្ពុជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះតិចតួច តែប្រាក់ចំណេញរបស់គាត់នៅតែល្អ ទើបធ្វើតម្រូវការភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញកន្លងមកនៅតែមាន ហើយតម្លៃភាគហ៊ុនរក្សាបាននៅភាពខ្លំាងរបស់ខ្លួន ដែលជាហេតុធ្វើតម្លៃហ៊ុនឡើងជាង១០០% បើប្រៀបធៀបថ្លៃIPO»។

បើតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ដល់១៤ ខែកក្កដា ឆ្នំា២០២៣ ការជួញដូរភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្នុងមួយថ្ងៃជាមធ្យមមានប្រមាណ៥១៩ហ៊ុន ហើយមានទំហំទឹកប្រាក់ប្រមាណ១.៨១០ដុល្លារអាមេរិក ឬស្មើនឹង៧លានរៀល ក្នុងមួយថ្ងៃ។តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ គិតត្រឹមថ្ងៃបិទថ្ងៃទី១៤ ខែកក្កដា ក្នុងមួយហ៊ុនថ្លៃ១៤.១៦០រៀល កើនឡើងជាង១៧៦% បើប្រៀបធៀបIPOថ្លៃលក់លើកដំបូង៥.១២០រៀល៕

អត្ថបទ៖សារេត