អាជ្ញាធរមីនចុះហត្ថលេខាបោសសម្អាតមីន ក្នុងខេត្តចំនួន ០៦ ប្រើប្រាស់ថវិកាប្រមាណ ៥ លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរមីនបានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាតំណាងឱ្យភាពជាដៃគូរវាងស្ថាប័ននិងស្ថាប័ន និងការបំពេញបែបបទប៉ុណ្ណោះទេ ថែមទាំងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការបញ្ចាក់បន្ថែមនូវអ្វីដែល សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវជំនឿទុកចិត្ត និងជាការអនុវត្តដោយមានគោលដៅច្បាស់លាស់ ដើម្បីធ្វើឱ្យសហគមន៍ ទទួលបាននូវស្នាមញញឹម និងដីប្រកបដោយសុវត្ថិភាព តាមរយៈគុណតម្លៃនៃលទ្ធផលទទួលបានពីការបោសសម្អាតមីន។

លោកបន្តថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជនទៀតផង។ ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

បើតាមលោក លី ធុជ កម្ពុជា បានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅសម្រចគោលដៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការពង្រឹងសមត្ថភាពជាតិ និងភាពជាម្ចាស់របស់កម្ពុជាលើវិស័យសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រកបដោយបរិយាបន្ន និងសកម្មភាពបោសសម្អាតមីនដោយផ្តោតសំខាន់លើតម្រូវការរបស់មនុស្សជាអាទិភាព។

លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការពេញចិត្តចំពោះកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដទៃទៀត រួមជាមួយសហគមន៍ផ្តល់ជំនួយ ដែលបានឈរជាមួយកម្ពុជាអស់ជាង៣ទសវត្សរ៍ និងធ្វើជាដៃគូពិតប្រាកដរបស់កម្ពុជា ក៏ដូចជាបានឆ្លងកាត់និងតស៊ូជាមួយកម្ពុជា ជំនះរាល់ឧបសគ្គ និងទទួលបានជោគជ័យយ៉ាងស្ងាត់ស្ងៀម ព្រមទាំងបានជួយផ្លាស់ប្តូរពីដីមីន ទៅជាដីស្រែ ដីចម្ការ ដីដាំដុះ ដីមានចំណូលខ្ពស់ ជាពិសេសប្រែក្លាយពីដីមីន ទៅជាដីមាស និងដីពោរពេញដោយក្តីសង្ឃឹម និងមានអនាគតរុងរឿង៕