ឥណ្ឌូនេស៊ី ក្រាលកម្រាលព្រំក្រហមស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្រ្តីទី១ នាទីក្រុងហ្សាការតា

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាស្រ្តីទី១កម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឥណ្ឌូនេស៊ី ក្រាលកម្រាលព្រំក្រហមស្វាគមន៍យ៉ាងកក់ក្តៅដោយលោក H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត នារសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង ក្រោម មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត លើការជំរុញ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់ សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍ សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ សហគមន៍អាស៊ានប្រកប ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥៕