អតីតប្រមុខការទូត និងប្រធានតុលាការកំពូល តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាតែងតាំងលោក ហោ ណាំហុង និងលោក ឌិត មន្ទី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហោ ណាំហុង ជាអតីតរដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោក ឌិត មុន្ទី អតីតប្រធានតុលាការកំពូល ដែលទើបប្រកាសលាលែងតំណែងនេះនាពេលកន្លងទៅ។

ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គ្រាប់តែងតាំងឥស្សរជនកំពូល៥រូប ជាប្រធានកិត្តិយស ប្រធាន និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែកកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

បើតាមព្រះរាជក្រឹត្យអង្គព្រះមហាក្សត្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានរដ្ឋសភា ត្រូវតែងតាំងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបតែចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយដឹកនាំជាង៣៧ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។

ដោយឡែក អនុប្រធានគណបក្សប្រជាជនកម្ពុជា៣រូបទៀត រួមមាន សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕