Yuexiu Group បង្ហាញចំណាប់អារម្មណ៍វិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន កាលចុងសប្តាហ៍កន្លងទៅថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញព័ត៌មានពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group បានបង្ហាញចំណាប់អារម្មណ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្ម។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញអំពីវិស័យដែលខ្លួនធ្លាប់បានវិនិយោគកន្លងមករួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។

ក្រុមហ៊ុន Yuexiu គឺជាក្រុមហ៊ុនវិនិយោគក្នុងពហុវិស័យដូចជា៖ វិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើប ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន។

បើតាមលោក Zhaoyuan Lin ក្រុមហ៊ុនបានសម្រេចនឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយបន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។

ក្នុងជំនួបដដែលនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា៕