លោក ម៉ៅ ហាវណ្ណាល់៖ វិស័យអាកាសចរណ៍ស៊ីវិលបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

អន្តរគណៈកម្មការនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពេលថ្មីៗនេះបានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិលបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល ការគាំទ្រ និងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស និងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលបានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេសនិងប្រទេស និងការផ្លាស់ប្តូរវប្បធម៌នៃពិភពលោកទៀតផង។

លោកបន្តថា វិស័យអាកាសចរណ៍សុីវិលកម្ពុជា បានឆ្លងកាត់ការវិវត្តរីកចម្រើនជាច្រើនដំណាក់កាលដូចប្រទេសនានាក្នុងពិភពលោកដែរ ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃក្នុងឆ្នាំ១៩៩៩ បានធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវិល «ការដឹកជញ្ជូនតាមផ្លូវអាកាស» នៅកម្ពុជា ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ) និងមានកំណើនខ្ពស់ ជាពិសេសដំណាក់កាលមុនវិបត្តិនៃជំងឺកូវីដ១៩។

តាមរយៈការដាក់ចេញគោលនយោបាយត្រឹមត្រូវ និងគ្រប់គ្រងបានល្អនូវជំងឺកូវីដ១៩ វិស័យអាកាសចរណ៍ស៊ីវិលបានបន្តងើបឡើងវិញប្រកបដោយសក្តានុពល ជាក់ស្ដែងនៅពេលកន្លងមកនេះ កម្ពុជាទទួលបានការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិថ្មីៗចំនួន៤ រួមមាន៖ ១-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរលំដាប់ថ្នាក់4E ២-អាកាសយានដ្ឋានអន្តរជាតិតារាសាគរលំដាប់ថ្នាក់4E ៣-អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F និង៤-អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងតែដំណើរការកែលម្អទៅលំដាប់ថ្នាក់4E។ លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់បន្ថែម។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដឹកនាំដោយអនុរដ្ឋលេខាធិការមួយរូប ដែលមិនស្របនឹងស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ដែលដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមួយរូប អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលនាធិការមួយចំនួន។ ម៉្យាងទៀត អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលកម្ពុជាបានចូលជាសមាជិកចាប់តាំងពីឆ្នាំ១៩៥៦ ក៏បានរកឃើញនូវចំណុចខ្វះចន្លោះដូចគ្នាផងដែរពាក់ព័ន្ធទៅនឹងគោលការណ៍គ្រប់គ្រង និងចាត់ចែងការងារអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការធ្វើសវនកម្មចំនួន៣លើករួចមកហើយកាលពីឆ្នាំ២០០៧ ឆ្នាំ២០១៦ និងឆ្នាំ២០១៨។ ហេតុដូច្នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន ពិសេសឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះដែលបានតម្រូវ និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលជាតិ៕