យុវជនក្រីក្រ នឹងទទួលបានអត្ថប្រយោជន៍៧យ៉ាងពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តលើកកម្ពស់សុខុមាលភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈកម្មវិធី បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាប់ប្រជាពលរដ្ឋប្រមាណ១លាន៥សែននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាលនេះ ក្រុមគោលដៅមាន២ចម្បងគឺ ១, យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស និងទី២, បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ។ ក្នុងការបណ្ដុះបណ្ដាលនេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់មុខជំនាញចំនួន៣៨ ផ្ដោតលើវិស័យចំនួន១០ធំៗ គឺ វិស័យសំណង់ , វិស័យអគ្គិសនីនិងថាមពល, វិស័យអេឡិចត្រូនិក , វិស័យបរិក្ខារត្រជាក់ និងកម្ដៅ, វិស័យកម្មន្តសាល, វិស័យមេកានិចទូទៅ/មេកានិចរថយន្ត, វិស័យទេសចរណ៍ ,វិស័យសេវាកម្ម, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ,និងវិស័យធុរកិច្ចនិងព័ត៌មានវិទ្យា។

ជាមួយនឹងការចុះឈ្មោះចូលរៀននេះលើ១០វិស័យ សិក្ខាកាមក៏នឹងទទួលបានអត្ថប្រយោជន៍៧យ៉ាងសំខាន់ៗគឺ ១, សិក្សាដោយមិនបង់ថ្លៃ ២, ទទួលបានប្រាក់ឧបត្ថមប្រចាំខែចំនួន ២៨ម៉ឺនរៀល/ខែ ដោយសិក្សាពេញម៉ោង ៣, ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ៤, ទទួលបានការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ៥, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា ៦, ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ និងទី៧, មានឱកាសទទួលបានការងារសមរម្យ និងចំណូលទៀងទាត់។

សូមជម្រាបថា ក្នុងការបណ្ដុះបណ្ដាលជំនាញខាងលើ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈនៅតាមរាជធានី/ខេត្ត ប្រមាណជាង៣៧ស្ថាប័ន ដូចជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា , វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈជាដើម៕ អត្ថបទ៖ សុកធា