រដ្ឋាភិបាលបន្តលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក រយៈពេលពីរឆ្នាំបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបន្តលើកចិត្តផ្នែកពន្ធដារពីរឆ្នាំបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិត ផ្គត់ផ្គង់ក្នុងស្រុក ទំនិញឬសេវាកម្ម ដែលធ្វើការដាំដុះ ផលិត នាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី មានប្រសាសន៍យ៉ាងដូច្នេះថា គោលការណ៍អនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តធ្វើនោះ គឺរដ្ឋាភិបាលនៅតែបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារពីរឆ្នាំបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិត ផ្គត់ផ្គង់ក្នុងស្រុក ទំនិញឬសេវាកម្ម ដែលធ្វើការដាំដុះ ផលិត នាំចេញ និងផលិតផល១៤មុខ។ ក្នុងនោះរួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មានប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក ជាវត្ថុធាតុដើមសម្រាប់ផលិតផលផលិតចំណីសត្វ។

ដោយសម្តេចធិបតី គូសបញ្ជាក់ថា កន្លងទៅមុនធ្វើវេទិការវិស័យឯកជនមានផលិតផលត្រឹមតែ១៤មុខប៉ុណ្ណោះ តែឥឡូវវេទិការវិស័យឯកជនកាលខែ១១ នឹងអនុគ្រោះទៅលើចំណុចទាំងនេះ ដើម្បីឱ្យបានឃើញក្នុងយន្តការនៃការប្រើប្រាស់ និងព្យាយាមទាញយកផលប្រយោជន៍អំពីការលើកទឹកចិត្តនៅក្នុងរយៈពេលដ៏ខ្លី។

ក្រៅពីការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសដែលផលិត ផ្គត់ផ្គង់នៅក្នុងស្រុក រយៈពេលពីរឆ្នាំបន្ថែមទៀតនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ដីស្រែលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨ផងដែរ៕