ក្រុមហ៊ុន AEON Mall ចំណាយទុនសរុបជាង៧០០លានដុល្លារ ក្នុងការវិនិយោគផ្សារទំនើបទាំង៣ទីតាំងនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន។ក្រុមហ៊ុននេះ បានចំណាយទុនសរុបប្រមាណជាង៧០០លានដុល្លារ ក្នុងការបង្កើតផ្សារទំនើប AEON Mall ទាំងបីទីតាំងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ បានឱ្យដឹងថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិក ក្នុងការបង្កើតផ្សារទំនើបចំនួន បីទីតាំង នៅប្រទេសកម្ពុជារួមមាន គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី៣។

សូមជម្រាបថា ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុន AEON Mall ឈានជើងចូលមកទីផ្សារកម្ពុជាជាមួយទុនវិនិយោគដំបូងប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើប AEON Mall ដំបូងក្នុងរាជធានីភ្នំពេញ។ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុនក៏បានបោះទុនបន្ថែមប្រមាណ ៤០៩ លានដុល្លារទៀត ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទីពីរ និងទីបី។

បច្ចុប្បន្នផ្សារទំនើបទាំងបីទីតាំងនេះ កំពុងមានភាពល្បីល្បាញ និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងត្រូវបានគេចាត់ទុកថាជាផ្សារទំនើបខ្នាតយក្សមួយនៅកម្ពុជា។

ក្រុមហ៊ុននេះ ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតមានឈ្មោះថា AEON Mall (Cambodia) Logi Plus Co., Ltd ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាផងដែរ៕