នាយិកា WFP រំពឹងថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀននៅកម្ពុជា នឹងពង្រីកវិសាលភាពកាន់តែទូលាយ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានបង្ហាញក្តីរំពឹងទុកថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀន នឹងបន្តពង្រីកវិសាលភាពកាន់តែទូលាយបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងគោលដៅធានានិរន្តភាពកម្មវិធីអាហារតាមសាលារៀននៅកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យ អភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ។

ក្នុងឱកាសជំនួបនេះ នាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងពិភពលោក បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍។លោកស្រី រំពឹងថាកម្មវិធីនេះ នឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងរួមចំណែកជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដំណើរការទៅដោយរលូន ខណៈលោកថា ការគាំទ្រនេះ គឺបានផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រីថា ក្រសួង ប្តេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។

គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕អត្ថបទ៖ ហ្សាលីន