កម្ពុជា និង១២ ប្រទេសទៀត ប្តេជ្ញារួមគ្នាជំរុញការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូន

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តី គ្រប់គ្រងវិស័យដឹកជញ្ជូន មកពីបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ចំនួន ១២ ប្រទេស រួមទាំងកម្ពុជាផង បានប្តេជ្ញារួមគ្នាជំរុញការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូនឱ្យកាន់តែប្រសើរ។នេះបើយោងតាមវេទិកាប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៥ នៅទីក្រុងស៊ូវ៉ុន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការតភ្ជាប់ទីក្រុងតាមរយៈប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកានោះ បានឱ្យដឹងថា វេទិកានេះត្រូវបានចូលរួមដោយ រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តី គ្រប់គ្រងវិស័យដឹកជញ្ជូន មកពីបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ចំនួន ១២ ប្រទេស និងបានរៀបចំកិច្ចពិភាក្សាតុមូលកម្រឹតខ្ពស់មួយ ដើម្បីចែករំលែកនូវសកម្មភាពការងារ ផែនការនាពេលអនាគត និងបញ្ហាប្រឈមរបស់បណ្តាប្រទេសរៀងៗខ្លួន។

ក្នុងកិច្ចពិភាក្សាតុមូលនេះ លោកប្រធានប្រតិភូកម្ពុជា បានបង្ហាញពីការចាប់ផ្តើមរបស់កម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូន មានជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឆ្លាតវៃក្នុងរាជធានីភ្នំពេញ និងតាមបណ្តាផ្លូវជាតិសំខាន់ៗ ប្រព័ន្ធផ្តល់ព័ត៌មានដល់អ្នកធ្វើដំណើរតាមរថយន្តក្រុង ប្រព័ន្ធទូទាត់ប្រាក់សម្រាប់អ្នកជិះរថយន្តក្រុង និងអ្នកប្រើផ្លូវល្បឿនលឿន ប្រព័ន្ធស្វែងរកស្ថានីយ៍សាករថយន្តអគ្គិសនី ។ល។

ក្នុងនោះផងដែរ នៅចំពោះមុខរដ្ឋមន្រ្តីកូរ៉េ លោក ក៏បានថ្លែងអំណរគុណដល់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដែលបាននឹងកំពុងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការរៀបចំផែនការមេដឹកជញ្ជូនឆ្លាតវៃ រួមទាំងបញ្ចូលការអនុវត្តសាកល្បងលើកំណាត់ផ្លូវប្រវែង ១៥គ.ម នៃមហាវិថីព្រះមុនីវង្ស និងកំណាត់ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពចរាចរណ៍តូចមួយក្នុងក្រសួង ដែលការសាកល្បងនេះនឹងផ្តល់បទពិសោធន៍ដល់កម្ពុជា ក្នុងការបន្តពង្រីកប្រព័ន្ធនេះនាពេលអនាគត។ ទោះជាយ៉ាងណា លោក ក៏បានបង្ហាញពីក្តីកង្វល់របស់កម្ពុជា លើកង្វះខាត ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ផងដែរ។

សូមជម្រាបដែរថា តាមរយៈវេទិកាប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៥ នេះដែរ អ្នកជំនាញពាក់ព័ន្ធវិស័យនឹងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលមកពីស្ថាប័នរដ្ឋ ឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការអន្តរជាតិ បានជួបជុំគ្នាដើម្បីចែករំលែក បទពិសោធន៍ ពិភាក្សាលំអិត ព្រមទាំងប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ តាមបណ្តាប្រទេសរៀងៗខ្លួនថែមទៀត៕អត្ថបទ៖ ហ្សាលីន