យោងតាមទិន្នន័យពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ១,៤៣៧កន្លែង មានកម្មករនិយោជិតសរុប ២៥០,៧៦២នាក់ ស្រី ១៥៧,៨២១នាក់។

ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺមានរោងចក្រធន់ធ្ងន់ ៥២៤កន្លែង មានកម្មករសរុប ២៤៣,៤២០នាក់ ស្រី ១៥៥,៧៨១នាក់ និងគ្រឹះស្ថានផ្សេងៗ មានចំនួន ៩១៣កន្លែង មានកម្មករសរុប ៧,៣៤២នាក់ ស្រី ២,០៤០នាក់។
រោងចក្រ សហគ្រាស មានតម្រូវការកម្លាំងពលកម្ម សរុបមានចំនួន ១៨៣កន្លែង និងមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥៨,៧២៦នាក់ ស្រី ៤០,២៨១នាក់។ ប្រាក់ឈ្នួលដែលកម្មករធម្មតា ទទួលបានចន្លោះពី ២២៥ ដល់ ៤០០ដុល្លារ នឹងសម្រាប់កម្មករធម្មតា និងកម្មករជំនាញ និងមានតួនាទី ទទួលបានចន្លោះពី ៣៥០ដុល្លារ ដល់ ៥០០ដុល្លារ។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួនតម្រូវការកម្លាំងពលកម្មខាងលើនេះគឺ រាប់បញ្ចូល រោងចក្រ សហគ្រាស មួយចំនួនតូចដែលបានសាងសង់រួចរាល់ នឹងត្រៀមដំណើរ ដោយផែនការតម្រូវការកម្លាំងពលកម្មរហូតដល់បំណាច់ឆ្នាំ២០២៥។
គួរឱ្យដឹងថា ខេត្តកំពង់ស្ពឺជាខេត្តមួយស្ថិតនៅជិតភ្នំពេញ និងមានតំបន់ទេសចរណ៍ព្រៃភ្នំច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់ បច្ចុប្បន្នក៏បានក្លាយទីជាកន្លែងវិនិយោគរោងចក្រសហគ្រាស់ដ៏ច្រើន និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលស្ថិតនៅចន្លោះភ្នំពេញ និងខេត្តព្រះសីហនុថែមទៀត។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ៕

