ក្រុមហ៊ុន រ៉ក មីនើរ៉លឡូជី ឌីវេឡុបម៉ិន ឯ.ក មានគម្រោងធ្វើអាជីវកម្មរ៉ែមាស លើផ្ទៃដីទំហំ ៣.០០០ហិកតា ស្ថិតនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គម្រោងវិនិយោគនេះនឹងសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា ដាប់ប៊ែលយូ ២ភី អ៊ិនវ៉ាយរ៉ិនម៉ិន ឯ.ក។

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប ក៏បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអាជីវកម្មរ៉ែមាសនេះផងដែរ។ ដោយការប្រជុំនេះ មានការចូលរួមមកពីអន្តរក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លេខាធិការដ្ឋានឥណទានកាបូន នាយកដ្ឋាន EIA និងលេខាធិការដ្ឋាន EIA ជាច្រើនរូប។

ជាលទ្ធផល កិច្ចប្រជុំខាងលើនេះ មានគោលបំណង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងខាងលើនេះ និងប្រមូលធាតុចូលពីការផ្តល់មតិយោបល់របស់អន្តរក្រសួង ដែលមានលក្ខណៈបច្ចេកទេស ច្បាប់ពាក់ព័ន្ធ និងកំណត់វិធានការកាត់បន្ថយសំដៅធានាឱ្យមាននូវហេតុប៉ះពាល់អវិជ្ជមានក្នុងកម្រិតអប្បរមា ដើម្បីឱ្យគម្រោងអាចអនុវត្តបាន ហើយធានាបានសុក្រឹត្យកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
គួរឱ្យដឹងថា វិស័យរ៉ែកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយវិស័យនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេស ដែលធានាបានទាំងស្រុងនៃការផ្គត់ផ្គង់រ៉ែសំណង់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័នផ្សេងៗ។

បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១១ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ខេត្ត ក្នុងនោះមាន ៧គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ២០២១ និង ៤គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
ក្រុមហ៊ុនដែលមានប្រតិបត្តិការលើអាជីវកម្មរ៉ែមាសនៅខេត្ត៦នោះ រួមមាន ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង៕
