ចិន ស្វែងរកកិច្ចសហការជាមួយកម្ពុជាលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំង

សង្គម​ និង​សេដ្ឋកិច្ច

ទីក្រុង Beihai នៃតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានស្វែងរកកិច្ចសហការជាមួយក្រសួងទេសចរណ៍ លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Zeng Ling អភិបាលរងក្រុងBeihai កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ អភិបាលរងក្រុងBeihai បានសុំកិច្ចសហការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន Xinyi Holding ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះ Enowa ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្តដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ នាទីស្តីការក្រសួង។​

ជាការឆ្លើយតបនូវសំណើរ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ទីក្រុង Beihai និងក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដ៏ពេញនិយមរបស់ក្រុមហ៊ុន ជាពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវ​ទេសចរអន្តរជាតិជាង​ ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន។ ជាមួយគ្នានេះ កម្ពុជា រំពឹងថានឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ៕