ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ។ ដែលនេះជាកម្លាំងរបស់ជាតិខ្មែរយើង។
តាមរយៈបញ្ហាដែលបានកើតឡើងបន្ទាប់ពីមានបញ្ហារវាងកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ បន្ទរកាន់តែឮពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រោមដំបូងផ្ទះតែមួយ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាពដែលបានកើតមកជាកូនខ្មែរ។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពីឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ។

សូមបញ្ជាក់ថា ចាប់ពីមានបញ្ហារវាងកម្ពុជា-ថៃ រហូតកើតមានការផ្ទុះអាវុធដែលបង្កឡើងដោយភាគីថៃ ចាប់ពីថ្ងៃទី២៤ កក្កដា ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឃដ្ឋានបានបង្ហាញនូវក្តីបារម្ភ ទឹកមុខស្រពាប់ស្រពោន បង្ហាញការឈឺចាប់នឹងស្ថានភាពអាប់អួរមួយនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិទទួលបាននូវស្ថានភាពល្អប្រឡើងឡើងវិញ ពោលចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់កម្ពុជា ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ ដែលកិច្ចការនេះ គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត ដែលបទឈប់បាញ់នេះមានឡើងនៅត្រឹមម៉ោង១២យប់ ថ្ងៃទី២៨ ឈានចូល២៩ កក្កដា ២០២៥។
រយៈពេល៤ថ្ងៃ នៃវិបត្តិសង្គ្រាម បានបង្ហាញពីសាមគ្គីភាពរវាងបងប្អូនខ្មែរនិងខ្មែរ ក្រោមដំបូងជាតិខ្មែរតែមួយ ឈាមតែមួយ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ បន្ទរកាន់តែឮពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ៕















