សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោតជាសំណួរថា តើមានហេតុផលអ្វីដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ? ខណៈសម្តេចថា នេះគឺ ជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់។

នៅមុនេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា៖« ក្រោយសម្រាកបានជាង២ម៉ោងយើងមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព»។
ជាថ្មីម្តងទៀត សម្តេចតេជោ បានដាក់ជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?
សូមជម្រាបដែរថា គិតចាប់តាំងពីថ្ងៃកើតហេតុនៃការចាប់ខ្លួនទាហានកម្ពុជាពីសំណាក់ភាគីថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង ៧,៥០នាទីព្រឹក ភាគីកម្ពុជាបានទទួលសពទាហានរបស់ខ្លួនមួយរូប ដែលថៃបានបញ្ជូនមក។ចំណែក នៅម៉ោង ៤រសៀល ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាក៏ទទួលបានទាហាន ២រូបទៀត ដែលស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ។ តុល្យការចុងក្រោយ មានទាហានកម្ពុជា ១៨រូបផ្សេងទៀត ដែលភាគីថៃបន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញ។នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះ ៕ អត្ថបទ៖ ហ្សាលីន


