សមាគមពាណិជ្ជករហ៊ូប៉ីឈូ បេ្តជ្ញាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរចិននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជាដែលជាខេត្តមានប្រជាជនជិត៦០លាននាក់ នៃសាធារណរដ្ឋប្រជាមានិតចិន បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរចិននៅកម្ពុជា។ នេះបើតាមរយៈជុំនួបរវាងនាយកប្រតិបត្តិសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា ជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមពាណិជ្ជករហ៊ូប៉ីឈូ និងម្ចាស់ក្រុមហ៊ុនទេសចរណ៍ធំៗនៅកម្ពុជា បានស្វែងយល់អំពីគោលនយោបាយ និងយន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពស្នើសុំអនុសាសន៍ និងកិច្ចគាំទ្រពីក្រសួង លើគំនិតផ្តួចផ្តើមរបស់សមាគមក្នុងការទាក់ទាញភ្ញៀវទេសចរចិនពីខេត្តហ៊ូប៉ីមកទស្សនាកម្ពុជាឱ្យបានច្រើន ក្នុងក្របខណ្ឌឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥។

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងប្រកបដោយយុទ្ធសាស្រ្តល្អៗ និងការបេ្តជ្ញាចិត្តដ៏មុតមាំរបស់សមាគមក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដ៏សំខាន់ និងចំពោះមុខដែលត្រួវការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើតកន្លែងការងារក្នុងវិស័យទេសចរណ៍ឱ្យបានច្រើនសម្រាប់ពលករខ្មែរដែលត្រលប់ពីប្រទេសថៃវិញ បន្ទាប់ពីការអនុវត្តនូវបទឈប់បាញ់រវាងកម្ពុជា-ថៃនេះ។

លោកក៏បានស្នើឱ្យសមាគម បន្តជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប និងខេត្តព្រះសីហនុ និងគោលដៅដទៃទៀត ដើម្បីទាក់ទាញប្រជាជនចិន និងប្រជាជនក្នុងតំបន់ខេត្តហ៊ូប៉ី ធ្វើដំណើរមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើន រួមទាំងការជួយផ្សព្វផ្សាយពីកាលានុវត្តវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនពីតំបន់ខេត្តហ៊ូប៉ី មកធ្វើការវិនិយោគនៅកម្ពុជា ហើយកិច្ចការដែលត្រូវធ្វើបន្ទាន់គឺការរៀបចំ FAM TRIP ពីប្រតិភូ ផ្នែកទេសចរណ៍ វិនិយោគ និងសារព័ត៌មានពីខេត្តហូប៉ីមកប្រទេសកម្ពុជា និងបន្តកិច្ចសហការរួមគ្នារបស់សមាជិកសមាគមដែលបានរៀបចំ Chartered Flight ជូនភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សូមជម្រាបជូនដែរថា វិស័យទេសចរណ៍កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនានាក៏ដូចជាការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានកើន៦,២% ដល់៣,៤លាននាក់៕