ក្រសួងការបរទេស៖ កិច្ចខិតខំប្រឹងរបស់រដ្ឋាភិបាល ក្នុងការធានាការវិលត្រឡប់ឱ្យបានឆាប់រហ័សបំផុតរបស់កងទ័ពកម្ពុជាទាំង ១៨រូប

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា​ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា ការចូលរួមដោយផ្ទាល់របស់សម្តេចធិបតី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ក្នុងការគាំទ្រដល់ការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្តាអង្គទូត នៅរាជធានីភ្នំពេញ និងឥស្សរជនបរទេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ដើម្បីអំពាវនាវឱ្យមានការដោះលែងកងទ័ពកម្ពុជាជាបន្ទាន់។ ក្រោមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយចេញកំណត់ទូត ធ្វើបទបង្ហាញអំពីស្ថានការណ៍ដល់បណ្តាអង្គទូតបរទេស ចូលរួមជាមួយយន្តការអាស៊ាន និងរក្សាកិច្ច ប្រែងទាំងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារសិទ្ធិរបស់ប្រជាជនខ្លួន ការលើកកម្ពស់ការកាត់បន្ថយភាពតានតឹង និងការគោរពគោលការណ៍មនុស្សធម៌អន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ដោយឡែកសម្រាប់ក្រសួងការពារជាតិ បានសម្របសម្រួលយ៉ាងសកម្មជាមួយសមភាគីថៃ តាមរយៈយន្តការយោធាទ្វេភាគីដែលមានស្រាប់ ដើម្បីជំរុញឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពនៃកងទ័ពដែលជាប់ឃុំទាំង១៨រូប ស្របពេលជាមួយគ្នា ធានានូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់របស់ ភាគីកម្ពុជា។

បន្ថែមលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមជាមួយស្ថាប័នសិទ្ធិមនុស្ស ក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកឡើងពីទិដ្ឋភាពមនុស្សធម៌នៃសំណុំរឿងនេះ ដោយសង្កត់ធ្ងន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កងទ័ពទាំង១៨រូបនេះ ព្រមទាំងអំពាវនាវឱ្យមានការគោរពពេញលេញន ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយពង្រឹងវិធីសាស្រ្តរួម របស់រាជរដ្ឋាភិបាល ក្នុងការធានានូវមាតុភូមិនិវត្តន៍របស់កងទ័ពទាំង១៨រូប តាមរយៈមធ្យោបាយច្បាប់ មនុស្សធម៌ និងការទូត។

ចំពោះស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ជាពិសេសស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវ បានឈរនៅជួរមុខក្នុងការតស៊ូមតិអន្តរជាតិ។ នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មបានលើកបញ្ហានេះជាផ្លូវការនៅអង្គការសហប្រជាជាតិ និងដៃគូអាស៊ាន ដោយជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពទាំងនោះ និងធានាថា បញ្ហានេះនៅតែស្ថិតក្នុងរបៀបវារៈអន្តរជាតិ។ នៅទីក្រុងហ្សឺណែវ ស្ថានបេសកកម្មបានកៀរគរយ៉ាងសកម្មនូវស្ថាប័នមនុស្សធម៌ និងសិទ្ធិមនុស្ស រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងជំរុញឱ្យមានការគោរពអនុសញ្ញាហ្សឺណែវ។

កម្ពុជាទាក់ទងជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដោយភាពស្មោះត្រង់ ដើម្បីស្វែងរកការគាំពារផ្នែកមនុស្សធម៌ មិនមែនការប្រឈមផ្នែកនយោបាយនោះទេ។ អាទិភាពបន្ទាន់របស់កម្ពុជាគឺច្បាស់លាស់ណាស់៖ អ្នកទោសសង្គ្រាមត្រូវផ្ដល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យ និងធ្វើមាតុភូមិនិវត្តន៍, ជនស៊ីវិលត្រូវបានការពារពីការផ្លាស់ទីដោយបង្ខំ ការរឹបអូសដីធ្លីដោយខុសច្បាប់ និងការធ្វើយោធូបនីយកម្មលើផ្ទះសម្បែងរបស់ពួកគេ, សកម្មភាពប្រយុទ្ធត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដោយត្រូវបញ្ឈប់ការវាយប្រហារដោយមិនរើសមុខ ការរក្សានូវសម្បត្តិបេតិកភណ្ឌវប្បធម៌ និងការហាមឃាត់ការប្រើអាវុធខុសច្បាប់។

ជាមួយគ្នានោះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ឡើងវិញ នូវការទទួលស្គាល់របស់ខ្លួន ចំពោះកងទ័ពទាំង១៨រូបនោះថា ជាអ្នកទោសសង្គ្រាម ព្រមទាំងបានអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចតាមដាននៅដើមខែកញ្ញា ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសារ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បីធ្វើការវាយតម្លៃនៅតាមទីកន្លែង ត្រួតពិនិត្យលក្ខខណ្ឌមនុស្សធម៌ និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងជនភៀសសឹក និងលើកឡើងពីការប្រើប្រាស់អាវុធហាមឃាត់ ស្របតាមអាណត្តិអព្យាក្រឹត របស់គណកម្មាធិការកាកបាទក្រហមអន្តរជាតិផងដែរ។

សូមជម្រាបជូនថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៤១ថ្ងៃ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕