កម្ពុជាពិនិត្យលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាពិនិត្យលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ដែលកម្ពុជាផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពល មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញនាំលោក Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភ្លក់នូវរសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ដែរថា មុនចុះទស្សនកិច្ចខាងលើ លោក ឌិត ទីណា ជាមួយលោក Francisco P.Tiu Laurel, Jr. ក៏បានសហការស្វាគមន៍ កិច្ចសហប្រតិបត្តិការការបើកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន។ លោក ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា មានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។

លោក Francisco P.Tiu Laurel Jr. បានលើកឡើងពីតម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ផលិតផលកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្មផងដែរ៕