សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមទាំងវិស័យការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនជាដើម។

នាឱកាសនោះ សម្ដេចធិបតី និងលោក Mohd Hatta បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។
នាឱកាសនៃជំនួបនោះ លោក Mohd Hatta បានសម្តែងក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ លោក ក៏បាន ថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ លោកមានជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិផងដែរ។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយថែមទៀត។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕ អត្ថបទ៖ហ្សាលីន


