កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន GTV MOTOR CO., LTD បានសម្ពោធជាផ្លូវការដាក់ឱ្យដំណើរការគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ដែលជានិមិត្តរូបនៃជំហានឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មីរបស់កម្ពុជា។

ពិធីសម្ពោធផ្លូវការនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, លោកបណ្ឌិតសាស្ត្រាចារ្យ Chenguang Lai ដែលជានាយកសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង (CQUT), គណៈគ្រប់គ្រងជាន់ខ្ពស់និងបុគ្គលិកនៃក្រុមហ៊ុន GTV MOTOR CO., LTD, ដៃគូអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា ការខិតខំប្រឹងប្រែងបង្កើតឱ្យមាន គម្រោងវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នេះឡើង គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងក៏ជាទឡ្ហីករណ៍សំខាន់ក្នុងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយការបំភាយកាបូន ព្រមជាមួយតម្រូវការនៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
បន្ថែមពីនេះទៀត គម្រោងវិទ្យាស្ថាននេះ ក៏ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រនៃប្រជាជាតិទាំងពីរ គឺសហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ប៊ុន ភារិន ក៏បានថ្លែងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, និងការអភិវឌ្ឍទេពកោសល្យ ដើម្បីជំរុញឲ្យនិស្សិត អ្នកស្រាវជ្រាវ និងវិស្វករកម្ពុជាចូលរួមយ៉ាងសកម្មក្នុងចលនា ផ្លាស់ប្តូរ បៃតងរបស់ពិភពលោក។ NEVITI នឹងក្លាយជាគន្លងក្នុងការច្នៃប្រឌិត បច្ចេកវិទ្យា និងការអប់រំ ដើម្បីជំរុញអនាគតបៃតង និងចីរភាពសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) កើតចេញពីកិច្ចសហការរវាង ក្រុមហ៊ុន GTV Motor Co., Ltd., សាកលវិទ្យាល័យបច្ចេកវិទ្យា ឆុងឈីង (CQUT) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានទទួលការណែនាំ និងគាំទ្រយ៉ាងសកម្មពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
ការបង្កើតជាផ្លូវការនូវវិទ្យាស្ថានបច្ចេកវិទ្យាយានយន្តថាមពលថ្មី និងឧស្សាហកម្ម (NEVITI)នេះមិនមែនគ្រាន់តែជាការបើកសម្ពោធវិទ្យាស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់របស់កម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី។

គួរបញ្ជាក់ថា ក្រុមហ៊ុន GTV MOTOR CO., LTD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ផ្តោតលើការអភិវឌ្ឍរថយន្ត ដែលមានម៉ាកយីហោផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជា ហើយប្តេជ្ញានាំយកផលិតផលរថយន្ត ដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មខ្ពស់ ជូនអតិថិជនប្រើប្រាស់។
ក្នុងនាមជាម៉ាកយីហោរថយន្តជាតិដំបូងគេរបស់កម្ពុជា GTV MOTOR ប្រកាន់ខ្ជាប់នូវគោលការណ៍ “ចាក់ឫសក្នុងស្រុក បម្រើក្នុងស្រុក និងផ្តល់ត្រឡប់ទៅក្នុងស្រុកវិញ”។ ចាប់ពីការផលិតកម្ម រហូតដល់ការលក់ ក្រោយពេលលក់ ចាប់ពីការបណ្តុះបណ្តាលកម្លាំងពលកម្ម រហូតដល់ភាពជាដៃគូជាមួយអ្នកផ្គត់ផ្គង់ យើងផ្តល់អាទិភាពដល់ការចូលរួមក្នុងស្រុក ដើម្បីបង្កើតការងារ ផ្ទេរជំនាញ និងពង្រឹងការអភិវឌ្ឍន៍សហគមន៍។
គិតត្រឹមដំណាច់ចុងឆ្នាំនេះ GTV MOTOR នឹងដាក់ឱ្យដំណើរការម៉ូដែលយានយន្តថាមពលថ្មីចំនួនប្រាំ (៥) រួមទាំងប្រភេទ Plug-in Hybrid និងអគ្គិសនីសុទ្ឋ ដែលអនុលោមតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិចកម្ពុជា៕
GTV MOTOR ឆ្ពោះទៅមុខជាមួយពិភពលោក ជាមួយពេលវេលា និងជាមួយកម្ពុជា!




















