ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧, សម្ដេចធិបតី ថ្លែងអំណរគុណនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី សម្រាប់ការជួយកម្ពុជានិងថៃ ដោះស្រាយជម្លោះដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំដោយផ្ទាល់ និងការប្តេជ្ញាចិត្តជួយកម្ពុជានិងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ ដោយបានគូសបញ្ជាក់ថា តំបន់យើងកំពុងបន្តដើរឆ្ពោះទៅមុខជាមួយនឹងការឯកភាពគ្នា ភាពធន់ និងគោលដៅច្បាស់លាស់។

ទន្ទឹមនឹងនោះ សម្ដេចធិបតី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំដោយផ្ទាល់ និងការប្តេជ្ញាចិត្តជួយកម្ពុជានិងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ម៉ាឡេស៊ី ចំពោះសន្តិភាពនិងស្ថិរភាពតំបន់ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ចរចាចតុភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានស្នើឡើងដោយ ឯកឧត្តប្រធានាធិបតីសហរដ្ឋ អាម៉េរិក ដូណាល់ ត្រាំ និងដែលបានឈានដល់ការចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹង ការងើបឡើងវិញនៃជម្លោះនានា និងអស្ថិរភាព អាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាព និងស្ថិរភាព ដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា មធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំ និងការប្រកាន់យកច្បាប់អន្ដរជាតិជាជាងសកម្មភាពឯកតោភាគី ដោយបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

សូមជម្រាបជូនថា ក្រោមការជួយសម្របសម្រួល និងដឹកនាំដោយផ្ទាល់របស់ប្រធានអាស៊ានប្ដូរវេន ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានជួយផ្សះផ្សារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ សម្រេចបានជាដំណាក់កាលដំបូង គឺកិច្ចព្រមព្រៀងបទឈប់បាញ់ និងពេលថ្មីៗនេះ សម្រេចបានកិច្ចព្រមព្រៀងសន្ដិភាព ដែលជាជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី បញ្ចៀសការដោះស្រាយជម្លោះដោយសង្រ្គាមប្រដាប់អាវុធ៕