នាវេលាម៉ោង ៦:២០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ការចូលចតជាថ្មីម្តងទៀតនេះ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន ៤៣ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។
គួររម្លឹកដែរថា កាលពីមានវិបត្តិជម្ងឺកូវីដ១៩ នាវានេះត្រូវបានបណ្តាប្រទេសមួយចំនួនមិនអនុញ្ញាតិឲ្យចូលចត ពេលនោះ ប៉ុន្តែមានតែប្រទេសកម្ពុជាមួយគត់ដែលបានអនុញ្ញាតិឲ្យនាវាWesterdamនេះបានចូលចតដើម្បីសម្រួលដល់ការខ្វះខាតស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលត្រូវប្រើប្រាស់នៅលើនាវា។ នេះបានសរបញ្ជាក់ឲ្យឃើញថា កម្ពុជាតូចពិតតែបេះដូងធំ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍នៅលើនាវាចងចាំមិនភ្លេច៕








