យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹម១១ខែ ដើមឆ្នាំ២០២៥ គម្រោងវិនិយោគថ្មីនៅកម្ពុជា បានកើនឡើងរហូតជាង ៦០០គម្រោង។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយ អ្នកតំណាងធនាគារធំៗចំនួន ៦ស្ថាប័ន ពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលទី១៥ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំខាងលើ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ មានគម្រោងវិនិយោគប្រមាណ ៤១៤ គម្រោង និងមានការកើនឡើងជាង ៦០០គម្រោងសម្រាប់ត្រឹមរយៈពេល ១១ខែដើមឆ្នាំ២០២៥។ រីឯរយៈពេលនៃការផ្តល់សេវាក៏ត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណជាង១០ថ្ងៃធ្វើការផងដែរ។
ក្នុងកិច្ចប្រជុំ បានបន្តថា ទាំងនេះ បានស្តែងឱ្យឃើញពីកំណើនទាំងបរិមាណ និងគុណភាព ក្នុងការផ្តល់សេវាសាធារណៈ ដែលកើតចេញពីការគិតគូយ៉ាងត្រឹមត្រូវក្នុងការកំណត់អាទិភាពការងាររបស់ស្ថាប័ន និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធរបស់ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
សូមរម្លឹកថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។
CDC បន្តថា ទុនវិនិយោគនេះ មានការកើនឡើងប្រមាណ $៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ $៦,៥ប៊ីលានដុល្លារ៕ អត្ថបទ៖ហ្សាលីន

