បន្ទាប់ពីបើករដ្ឋានសាងសង់ ពេលនេះស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត ៥៥%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៤,២០% ហើយ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសារធារណការ ដំណើរចុះពិនិត្យគម្រោងកាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបង្ហាញថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រុមការងារ ក៏បានចុះពិនិត្យស្ថានភាពជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹម T ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។ ជាមួយគ្នានេះ ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព។

សូមជម្រាបថា វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន ២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២ តួសសរស្ពាន ១២ រួចរាល់ សសរស្ពាន៥២ រួចរាល់ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។ ៣/ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ៨៣ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៦៦ )។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)៕ អត្ថបទ៖ហ្សាលីន