ក្រសួងរៀបចំដែនដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២ គឺ៖ ១.ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។ ២.សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែលមិនអាចកែបន្លំបានឡើយ។

របៀបផ្ទៀងផ្ទាត់ងាយៗ៖

– បើកកាមេរ៉ាទូរសព្ទដៃស្មាតហ្វូន រួច “ស្កេន” លើ QR Code ក្នុងបណ្ណកម្មសិទ្ធិ។

– ចុចលើតំណភ្ជាប់ដែលបង្ហាញ ដើម្បីចូលទៅកាន់គេហទំព័រ verify.gov.kh។

– “ប្រៀបធៀប” ព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺជាសមិទ្ធផលថ្មី​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការ​រដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់សេវា​សាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តបន្ទាយ​មានជ័យ និងបានបោះពុម្ពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមាន QR Code Verify បានចំនួនប្រមាណ ៨៦,៣៨៨ បណ្ណ៕