អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពលអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាម នៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា បានស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖
១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ
២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព
- បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ – ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤°C
- កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន
៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។)
៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ
៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។
ជាមួយគ្នានោះផងដែរ អគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា ការជួយសន្សំសំចៃថាមពលអគ្គិសនីគឺចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។ ដូចនេះ អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះ៕


