ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្តីណែនាំស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាសូត) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ និងសហគ្រាសនាំចូល និងចែងចាយបន្តនូវផលិតផល តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវអនុវត្តតាមខ្លឹមសារផងដែរ មានដូចជា៖
១) សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរអាករលើតម្លៃបន្ថែមអត្រា១០% ទៅជា “អាករលើតម្លៃបន្ថែមអត្រា៤%។ ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិត នៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤%។
បន្ថែមពីលើនេះ អាករលើតម្លៃបន្ថែមអត្រា១០% ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុង ទិញក្នុងស្រុក។ ដោយឡែក ឥណទាន ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។
២) អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាម អនឡាញ (e-Filing) ដោយមុខងារ «បញ្ជីទិនានុប្បវត្តិទិញ-លក់» ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា “អតប អត្រា៤%” ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ៕


