កម្ពុជា-ជប៉ុន បើកកិច្ចប្រជុំក្រុមបច្ចេកទេស ដើម្បីពន្លឿនគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប និងក្រុមអ្នកជំនាញ JICA បានបើកកិច្ចប្រជុំបច្ចេកទេសពន្លឿនគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប ជំហានទី២ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ JCC នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនាពេលនេះ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។ គម្រោងនេះ ជាការពង្រីកភាពរស់រវើកនៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងដែលមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃខេត្តសៀមរាប។

តំណាងក្រុមការងារក៏បានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក ពិតណាស់យើងទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗទាំង២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ ជាមួយគ្នានេះយើងក៏ជឿជាក់ថា គម្រោងនេះនឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។

លោក យុន លីនណេ អភិបាលរងខេត្ត បានមានប្រសាសន៍ថា គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី២នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន, ការសម្រួលចរាចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។

លោក យុន លីនណេ បន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ក៏សូមឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគ ព្រោះដើម្បីខេត្តសៀមរាបយើងទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ហ្សាលីន