លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជាដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតជាង ១,២លាននាក់ ទោះក្នុងវិបត្តិសាកល។
លោកបញ្ជាក់បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំកំពូលវិស័យវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅ សណ្ឋាគារ Raffles Hotel Le Royal។

នៅចំពោះមុខអ្នកចូលរួមជាង ២០០នាក់ជាតំណាងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក ម៉ាកលំដាប់ពិភពលោក ដៃគូអភិវឌ្ឍន៍ និងសហជីព លោករដ្ឋមន្ត្រី បានលើកឡើងថា ការជួបជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការជំរុញនិរន្តរភាព នវានុវត្តន៍ និងភាពធន់រឹងមាំនៃវិស័យសេដ្ឋកិច្ចដ៏សំខាន់បំផុតនៃវិស័យនេះ ខណៈដែលឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GFT)កំពុងប្រឈមវិបត្តិសាកលដែលប៉ះពាល់ដល់ប្រាក់ចំណេញពីការនាំចេញ កិច្ចប្រជុំនេះពិតជាសំខាន់ក្នុងការពិភាក្សា និងពិនិត្យគោលនយោបាយ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រប្រតិបត្តិដែលនឹងជួយពង្រឹងជំហរកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ពិភពលោក។ កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ។
លោក ហេង សួរ បន្តថា វិស័យនេះនៅតែជាប្រភពចំណូលដ៏ធំបំផុតដែលរួមចំណែកប្រមាណ ៥០%នៃតម្លៃនាំចេញសរុប និងបន្តបង្ហាញកំណើនដ៏រឹងមាំប្រកបដោយចីរភាព ខណៈចំនួនសហគ្រាសក្នុងវិស័យ GFT និងវិស័យគាំទ្រដែលចុះបញ្ជីនៅក្រសួងបន្តកើនឡើង។
បើតាមលោក ហេង សួរ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានសហគ្រាសសកម្មប្រមាណ ២ពាន់ដែលផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ១,២លាននាក់។ វិស័យកាត់ដេរនៅតែរក្សាបាននូវចំណែកធំបំផុតទាំងចំនួនរោងចក្រ និងការងារដោយមានសហគ្រាសចំនួន ១ ៤៦៨ រោងចក្រផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២៧៥និងរោងចក្រផលិតស្បែកជើងចំនួន ២៣១៕

