ព្រះរាជាណាចក្រកម្ពុជា – ភ្នំពេញ – ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន WorldBridge Group និង SEMMARIS ជាក្រុមហ៊ុនបារាំង ដែលបានគ្រប់គ្រង និងដំណើរការ Marché International de Rungis នៅទីក្រុងប៉ារីស ដែលជាទីផ្សារលក់ដុំអាហារស្រស់ធំជាងគេបំផុតមួយលើពិភពលោកអស់រយៈពេលជាងហុកសិបឆ្នាំមកហើយ នាថ្ងៃនេះផងដែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មមួយដែលបង្ហាញពីការចាប់ផ្តើមនៃការសិក្សាលទ្ធភាព និងផែនការមេសម្រាប់ទីផ្សារលក់ដុំកសិ-អាហារអន្តរជាតិដែលបានស្នើឡើងនៅភ្នំពេញ ដោយយកគំរូតាមទីផ្សារ Rungis ដ៏ល្បីល្បាញ។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានការថ្លែងសុន្ទរកថាស្វាគមន៍ពីលោក Bertrand Ambroise នាយកអភិវឌ្ឍន៍អន្តរជាតិនៃក្រុមហ៊ុន SEMMARIS និងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុនពេលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ពិធីនេះក៏មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជាមួយចំនួនផងដែរ រួមមាន ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន វិបុលសក្តិ នាយកអភិវឌ្ឍន៍គម្រោងនៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (GDPPP) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានគូសបញ្ជាក់ពីកម្រិតនៃការចាប់អារម្មណ៍របស់រដ្ឋាភិបាលចំពោះគម្រោងនេះ។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន SEMMARIS នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុន WorldBridge Group លើការសិក្សាលទ្ធភាព ដោយប្រើប្រាស់ជំនាញរាប់ទសវត្សរ៍របស់ខ្លួនក្នុងការប្រតិបត្តិការផ្សារ Rungis។ ការសិក្សានេះនឹងវាយតម្លៃលើទីផ្សារម្ហូបអាហារ អចលនទ្រព្យ ឃ្លាំង និងតម្រូវការភស្តុភារកម្មរបស់ទីផ្សារលក់ដុំនៅភ្នំពេញ រួមជាមួយនឹងការធ្វើផែនការបច្ចេកទេស និងទីតាំងដែលត្រូវការដើម្បីអភិវឌ្ឍបង្កើតផែនការមេ។

កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីក្រុមហ៊ុន WorldBridge Group បានបន្តប្តេជ្ញាចិត្តក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងជំនាញអន្តរជាតិមកកាន់វិស័យកសិកម្ម និងចែកចាយចំណីអាហារនៅកម្ពុជា ស្របពេលជាមួយនឹងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងកាន់តែស៊ីជម្រៅ។ ទីផ្សារដែលបានស្នើឡើងនេះមានបំណងពង្រឹងការតភ្ជាប់រវាងកសិករ អ្នកលក់ដុំ និងអ្នកចែកចាយកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សារទំនើបៗ ដែលត្រូវបានបង្កើតឡើងចំគោលដៅដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហាររបស់ព្រះរាជាណាចក្រកម្ពុជា។










