រដ្ឋសភា បានធ្វើកំណែទម្រង់និងទំនើបកម្ម ដើម្បីប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ បានបង្ហាញនូវការពេញចិត្ត និងមោទនភាពចំពោះលទ្ធផលល្អប្រសើរ កើតចេញពីការអនុវត្តកម្មវិធីកំណែទម្រង់យ៉ាងស្វាហាប់របស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចរដ្ឋសភា បន្តថា ដំណើរការនៃការធ្វើកំណែទម្រង់នៅរដ្ឋសភា មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការពិនិត្យសិក្សារកឫសគល់នៃបញ្ហា ដើម្បីស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ។ យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងទិដ្ឋភាពគតិយុត្តិ នីតិវិធី ផ្នត់គំនិត របៀបរបបការងារ សមត្ថភាព សម្ភារបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អលំហូរការងារ បង្កើនប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការវិភាគមុខងារ និងបរិវត្តកម្មឌីជីថល ជាពិសេសចក្ខុវិស័យរយៈពេលវែង គឺការកសាងគ្រឹះឆ្ពោះទៅរក «សភាអេឡិចត្រូនិក» (e-Parliament) ដែលទាមទារប្រព័ន្ធអេកូឡូស៊ីពេញលេញ ទាំងជំនាញ នីតិវិធី ប្រព័ន្ធទិន្នន័យ និងសន្តិសុខសាយប័រ។

សម្តេចប្រធាន បានសង្កត់ធ្ងន់ថា ប្រព័ន្ធការងារដែលរឹងមាំ ប៉ុន្តែខ្វះមនុស្សមានសមត្ថភាព គឺមិនអាចដំណើរការទៅមុខបានឡើយ។ ក្នុងន័យនេះ រដ្ឋសភាបានធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ដោយបានពង្រឹងទាំងស្ថាប័ន និងធនធានមនុស្សទន្ទឹមគ្នា ក្រោមអភិក្រម «ការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង» ដែលមន្ត្រីមិនត្រឹមតែទទួលចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចំណេះដឹងនោះទៅអនុវត្តផ្ទាល់ ដោះស្រាយបញ្ហា និងរួមចំណែកដល់ការកែទម្រង់។

ចំពោះការអនុវត្តជាក់ស្តែង ដំណើរការកំណែទម្រង់នេះត្រូវបានធ្វើឡើងក្នុងពីរកម្រិត គឺកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។ សម្រាប់កម្រិតរដ្ឋសភា ការងារដំបូងបង្អស់គឺការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិគន្លឹះ រួមមាន បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ការកែសម្រួលសេចក្តីសម្រេចអំពីតួនាទីភារកិច្ចរបស់គណៈកម្មការ បែបបទការងារ និងនីតិវិធីនៃការចុះបេសកកម្មរបស់គណៈកម្មការនានា ដើម្បីធានាដំណើរការប្រព្រឹត្តទៅបានរលូន និងឆ្លើយតបទាន់ពេលទៅនឹងការផ្លាស់ប្តូរបរិបទសង្គម។

ទន្ទឹមនឹងនេះ រដ្ឋសភាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងដំណើរការរបស់រដ្ឋសភា ដោយក្នុងនោះការប្រើប្រាស់ «ឯកសារទន់» ក្នុងប្រព័ន្ធកុំព្យូទ័រសម្រាប់ការពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ ហើយនាពេលអនាគត រដ្ឋសភាអាចនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកពេញលេញសម្រាប់ដំណើរកិច្ចប្រជុំ និង ការគ្រប់គ្រងគណនេយ្យទិន្នន័យផ្សេងៗទៀត។

ក្រៅពីនេះ រដ្ឋសភាក៏បានធ្វើទំនើបកម្មស្នាក់ការតំណាងរាស្ត្រខេត្ត-ក្រុង ដើម្បីឱ្យមន្ត្រីនៅទីនោះដើរតួនាទីកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំទ្រដល់តំណាងរាស្ត្រ ក្នុងការចុះជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ រដ្ឋសភាក៏បានបង្កើតស្ទូឌីយោ ដើម្បីផលិតកម្មវិធីថ្មីៗ ដូចជា កម្មវិធីមរតកចំណេះ និងកម្មវិធីការណែនាំពីរដ្ឋសភា ព្រមទាំងបំពាក់សម្ភារទំនើបៗសម្រាប់ការផ្សព្វផ្សាយច្បាប់ និងសកម្មភាពនានា៕