មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ក្រោមការគាំទ្រពីអង្គការផលិតភាពអាស៊ី (APO) បានរៀបចំផែនការអភិវឌ្ឍសមត្ថភាពស្ថាប័នថ្មី ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍស្ថាប័ន និងការពង្រីកសេវាលើកកម្ពស់ផលិតភាព ដើម្បីគាំទ្រភាពប្រកួតប្រជែងរបស់សហគ្រាស និងបរិវត្តកម្មឧស្សាហកម្មកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ផែនការនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់ពង្រឹងសមត្ថភាពស្ថាប័ន ពង្រីកសេវាកម្មសម្រាប់វិស័យឯកជន និងស្ថាប័នសាធារណៈ ព្រមទាំងពង្រឹងតួនាទីរបស់មជ្ឈមណ្ឌល ក្នុងការជំរុញផលិតភាព គុណភាព និងនវានុវត្តន៍ក្នុងសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ លើសារសំខាន់នៃការលើកកម្ពស់ផលិតភាព សម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ លោកលើកឡើងថា៖ “ ដើម្បីចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចដោយជោគជ័យ កម្ពុជាត្រូវរៀបចំខ្លួនចាប់ពីពេលនេះ តាមរយៈការពង្រឹងសមត្ថភាព ផលិតភាព និងគុណភាពផលិតផល និងសេវាកម្ម។ ផលិតភាពគឺជាកត្តាសំខាន់ដែលស្ថាប័នរដ្ឋ ក្រុមហ៊ុន និងសហគ្រាសឯកជន ត្រូវយកចិត្តទុកដាក់ ដើម្បីជួយកាត់បន្ថយចំណាយ បង្កើនទិន្នផល និងលើកកម្ពស់ប្រសិទ្ធភាពការងារ។”
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ APO ក្នុងការជំរុញលើកកម្ពស់ផលិតភាពដល់រោងចក្រ សហគ្រាស និងសិប្បកម្ម តាមរយៈការផ្សព្វផ្សាយ និងអនុវត្តឧបករណ៍ផលិតភាព និងប្រព័ន្ធគ្រប់គ្រងដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ស៥, Kaizen, ផលិតកម្ម Lean, ផលិតកម្មស្អាត, ការគ្រប់គ្រងពុទ្ធិ និងស្តង់ដារ ISO ជាដើម។

លោក Indra Pradana Singawinata អគ្គលេខាធិការនៃអង្គការផលិតភាពអាស៊ី ក៏បានលើកឡើងថា៖ “អង្គការផលិតភាពអាស៊ីសង្ឃឹមថា ផែនការអភិវឌ្ឍសមត្ថភាពស្ថាប័ននេះ នឹងជួយមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជាឱ្យអភិវឌ្ឍខ្លួន ក្លាយជាស្ថាប័នមួយដែលមានឥទ្ធិពល ក្នុងការជំរុញផលិតភាព និងនវានុវត្តន៍ នៅទូទាំងប្រទេសកម្ពុជា។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលផ្អែកលើផលិតភាព។”


