(ភ្នំពេញ)៖ គ្រប់តំណក់ឈាមដែលបានបរិច្ចាគទាំងឡាយ គឺជាការផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកដែលកំពុងត្រូវការចាំបាច់ ដូច្នេះហើយទើបក្រុមហ៊ុន ជីប ម៉ុង បានរៀបចំយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» លើកទី២ ដើម្បីរួមចំណែកបំពេញតម្រូវការឈាមដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ដែលបង្ហាញពីវប្បធម៌នៃការចែករំលែក និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកក្នុងសង្គមកម្ពុជា។

រយៈពេលមួយថ្ងៃពេញ យុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» របស់ ជីប ម៉ុង ទទួលការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអាជីវកម្ម និងកីឡាករល្បីៗជាច្រើនរូប ដែលបានស័្មគ្រចិត្តបរិច្ចាកឈាម ប្រគល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីគាំទ្រដល់ការសង្គ្រោះជីវិតអ្នកជំងឺក្នុងស្ថានភាពបន្ទាន់ ដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។

ផ្សារភ្ជាប់នឹងស្មារតីមោះមុតក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជីប ម៉ុង តែងតែចូលរួមបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រវិស័យសុខាភិបាល តាមរយៈសកម្មភាពជាច្រើនដែលឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមកម្ពុជា។
គិតមកទល់បច្ចុប្បន្ន ជីប ម៉ុង បានរៀបចំយុទ្ធនាការបរិច្ចាគឈាមជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបន្តចែករំលែកក្តីសង្ឃឹម និងរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា។ តាមរយៈយុទ្ធនាការ«បរិច្ចាគឈាម សង្គ្រោះជីវិត»នេះ ក្រុមហ៊ុនសង្ឃឹមថា នឹងជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាន់តែទូលំទូលាយ ព្រោះការបរិច្ចាគឈាមមួយលើក អាចជួយសង្គ្រោះ និងបន្តឱកាសរស់រានមានជីវិតដល់អ្នកជំងឺជាច្រើនទៀត។
មួយថ្ងៃជាមួយ ជីប ម៉ុង រួមគ្នាបរិច្ចាគឈាមដើម្បីមនុស្សធម៌!





