លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានចេញសារដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យរួបរួមគ្នាក្នុងស្មារតីស្នេហាជាតិ ដើម្បីបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី ជាពិសេសប្រាសាទព្រះវិហារ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលទាំងឡាយណាដែលគាំទ្រសត្រូវឈ្លានពាន។

តាមរយៈការបង្ហោះផ្សាយនៅលើបណ្តាញសង្គមផ្លូវការ លោក ហេង រតនា បានគូសបញ្ជាក់ថា ប្រាសាទព្រះវិហារគឺជាមរតកដូនតាដ៏មហាសាល និងជាបេតិកភណ្ឌពិភពលោក ដែលធ្លាប់បានរងការទម្លាក់គ្រាប់បែក និងការបាញ់កម្ទេចពីសំណាក់ពួកឈ្លានពាន។ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ថា ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថាស្ថិតក្នុងនិន្នាការនយោបាយណា ឬអង្គការចាត់តាំងណាឡើយ គឺត្រូវតែមានកាតព្វកិច្ចដាច់ខាតក្នុងការចូលរួមការពារបូរណភាពទឹកដី និងមរតកដូនតាមួយនេះឱ្យបានគង់វង្ស។
ជាមួយគ្នានេះដែរ ប្រតិភូរាជរដ្ឋាភិបាលរូបនេះបានចាត់ទុកទង្វើរបស់ជនទាំងឡាយណាដែលបែរជាគាំទ្រខ្មាំងសត្រូវឈ្លានពានថា ជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ លោក ហេង រតនា បានលើកឡើងចំៗថា ជនណាដែលគាំទ្រខ្មាំងសត្រូវឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសម្បែង ភូមិឋាន សម្លាប់វរកងទ័ព និងប្រជាពលរដ្ឋ ព្រមទាំងកម្ទេចប្រាសាទខ្មែរ បុគ្គលនោះគឺជា «ជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង»៕





