ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ឱកាសការងារសរុបចំនួន ២៥,១៧៣ កន្លែង នៅក្នុងរាជធានីភ្នំពេញ ពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ២២៧ កន្លែង ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ឱកាសការងារយ៉ាងច្រើនកុះករនេះ ផ្តោតសំខាន់លើវិស័យឧស្សាហកម្មកាត់ដេរ ផលិតកម្ម សេវាកម្ម ដឹកជញ្ជូន ធនាគារ និងបដិសណ្ឋារកិច្ច ដោយមានតម្រូវការលើមុខតំណែងចម្រុះជាច្រើនរួមមាន៖ កម្មករផ្នែកផលិតកម្ម, កម្មករកាត់ដេរ, អ្នកបញ្ជាម៉ាស៊ីនដេរ, ផ្នែកវេចខ្ចប់, ផ្នែកត្រួតពិនិត្យគុណភាព (QC), បុគ្គលិកផ្នែកទីផ្សារ (Marketing), បុគ្គលិកផ្នែកដឹកជញ្ជូន, មន្ត្រីឥណទាន និងមុខតំណែងជំនាញបច្ចេកទេសជាច្រើនទៀត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ អាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ឥតគិតថ្លៃ ១២៩៧ ឬស្កេន QR Code របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះឈ្មោះស្វែងរកការងារ និងទទួលបានការប្រឹក្សាអាជីពដោយឥតគិតថ្លៃភ្លាមៗ៕

