កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកងទ័ព

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងថៃ បានសម្រេចចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកថៃ” ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។ ពិធីចុះហត្ថលេខា ធ្វើឡើងនៅក្រសួងការពារជាតិ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈនេះ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ក្នុងពេលលោកមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជាជាលើកដំបូងបន្ទាប់ពីលោកបានចូលកាន់តំណែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 8 people and people standing

បើតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។ ព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ពជើងគោក ជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនងការងារជាប់ជាប្រចាំរវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែននានា។

May be an image of 11 people, people standing and indoor

ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។

May be an image of 2 people and people standing

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអរគុណដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈិមភាពរបស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានាដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ជាអាទិ៍៖ ការគោរពអធិបតេយ្យ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីស៕