រដ្ឋ​មន្ត្រីកា​របរទេស​អាស៊ាន អំពាវ​នាវឱ្យមាន​បទឈប់បាញ់​នៅអ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន ជាបន្ទាន់ឬកិច្ចព្រមព្រៀង​ឈប់បា​ញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាព​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញ​ ការព្រួយបារម្មណ៍​យ៉ាងខ្លាំង​ចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាព​មនុស្សធម៌​ដែលធ្លាក់ចុះ​កាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ គឺដើម្បី បង្កើត​បរិយាកាសអំណោយ​ផល​សម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាង ការឈឺ​ចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ជឿជាក់ថានៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់​គ្រងបាននូវស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និង​យោធា ព្រមទាំង ផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ាន​បានត្រៀមខ្លួន រួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយ​សន្តិវិធីក្នុងចំណោម​ភាគីពាក់ព័ន្ធ តាមគ្រប់ មធ្យោបាយដែលអាចធ្វើទៅបាន ។

គួរបញ្ជាក់ថា ​សង្គ្រាម​នៅអ៊ុយក្រែន​ដែល​បាន​ចាប់​ផ្ទុះ​ឡើងកាល​ពី​ថ្ងៃទី​ ២៤កុម្ភៈ ឆ្នាំ២០២២​ កំពុង​បន្តកាន់តែធ្ងន់ធ្ងរ មានបាត់ប​ង់ជីវិត និងរបួសជនស៊ីវិល និង​យោធា ​ហើយបច្ចុប្បន្ន ​ពិភពលោក​កំពុងតែ​​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទីបំផុត​ ៕