មិន​បាច់នាំចូល រោងចក្រ​​ដំឡើង​កង់បី​អគ្គិសនី​ដំបូង​គេ​បើក​ដំណើរ​នៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

​រោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេ​បាន​បើក​ដំណើរការ​ ដែលមានទីតាំង​នៅ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធរោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការ ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត​ និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង ២០ លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល​លើ​ផ្ទៃដី​ជាង ២ ហិកតា។

លោក Kay Woo ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ថា រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​បាន​ ៣០០០ គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣ រាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី)។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនី ដែល​អនាគត​អាច​ផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១ កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣ កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និង​កំពុង​បន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ​ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេស​កម្ពុជា​។

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃ តាម​រយៈ​ការ​ដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក៕