មកដល់ម៉ោងនេះ ចិនជួយកសាងផ្លូវនៅកម្ពុជាចម្ងាយ ៣៦៣៦ គីឡូម៉ែត្រ

សង្គម​និង​សេដ្ឋកិច្ច

​រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃកម្ពុជាបាន​បញ្ជាក់​ពី​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ ដែល​បាន​ផ្តល់​​ថវិកា​រាប់​ពាន់​លាន​ដុល្លារ លើ​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ចូលរួម​ជួយ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុងជំនួប​ជាមួយ​ប្រតិភូវិទ្យុចិន លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា មិត្តចិនបាន​ជួយកសាងផ្លូវ ៣៧ ខ្សែ ចម្ងាយ ៣៦៣៦គីឡូម៉ែត្រនៅកម្ពុជា​ ក្នុងនោះ ៣០ខ្សែបានធ្វើរួចរាល់ ខណៈ ៣ ខ្សែទៀតកំពុងសាងសង់ និង ៤ខ្សែទៀត ត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខ។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា ចិនក៏​បាន​ជួយកសាងស្ពាន ចំនួន១២ ហើយក៏ត្រៀមសហការបន្តលើកម្ពស់ផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ព្រមទាំង​គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ និង​ផ្លូវរថភ្លើងល្បឿនលឿនផងដែរ។

ទាក់ទង​ការ​ចោទ​ប្រកាន់​ដែលថា «គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ គឺជាអន្ទាក់បំណុល» លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា គឺជាចោទប្រកាន់មិនត្រឹមត្រូវទេ ព្រោះថា ប្រទេសនីមួយៗ មានតួនាទីពិនិត្យ និងគ្រប់គ្រងប្រាក់កម្ចីរបស់ខ្លួនដោយខ្លួនឯង ជាពិសេស កម្ចីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងនោះ។ បើ​តាម​លោក​រដ្ឋមន្រ្តី គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន កំពុងតែផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់កាន់តែល្អប្រសើរ កាត់បន្ថយពេលវេលា និងការចំណាយសម្រាប់ការដឹកញ្ជូន ដែលជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ផ្ទុយមកវិញ លោក​ស៊ុន ចាន់ថុល កោតសរសើរគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានរដ្ឋចិន បាន​ចែករំលែកទាំងបទពិសោធន៍ និងធនធាន ដល់ប្រទេសទាំងអស់ ដើម្បីយកមកអនុវត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យការដឹកជញ្ជូនលើពិភពលោកលឿនជាងមុនិងថោកជាមុន៕