សម្តេច ហ៊ុន សែន ស្នើនាយឧត្តមសេនីយ៍ មីន អោងឡាំង ពិចារណា​ឡើងវិញនូវការ​ផ្តន្ទាទោស​ប្រហារ​​ជីវិត​​លើក្រុម ប្រឆាំង

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២បានស្នើឱ្យ​នាយ​​​ឧត្តមសេនីយ៍ មីន អោងឡាំង ( Min Aung Hlaing) មេដឹកនាំយោធាមីយ៉ាន់ម៉ា ពិចារណា​​ឡើងវិញ​​​នូវការផ្តន្ទាទោសប្រហារជីវិតលើ ក្រុមប្រឆាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំងនឹង ក្រុម ប្រឹក្សារដ្ឋបាលរដ្ឋបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់​អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិន​បើ​បានអនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្ម​​អវិជ្ជមាន​​រីក​​រាលដាល​​ពេញសហគមន៍អន្តរជាតិ។ នេះ​ក៏នឹង​​​ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយ​សន្តិវិធី​ចំពោះ​វិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្រប​តាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំ​ណុច​របស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏​​ស្មោះ​ស្ម័គ្រ​​​ក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និង​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការអនុវត្តការកាត់ទោស​ប្រហារជីវិតដល់​អ្នក​ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ មីង អោងឡាំង នឹងពិចារណា​ដោយយោគ​យល់​ចំពោះការអំពាវនាវរបស់សម្តេចទៅលើករណីនេះ។

ឆ្លៀតឱកាសនេះ សម្តេចតេជោ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិល​​ទៅរកភាព​ប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ា ក្នុងដំណើរការកសាងសហគមន៍អាស៊ាន៕