ផលិតផលខ្មែរជាង ៤០ មុខក្លាយជាសិប្បកម្មក្នុងស្រុករបស់អ្នកខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

ការប្រកបមុខរបរលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈដែលធ្វើពីផ្តៅ ត្នោត កំប្លោក ឬស្សីផ្អាវ ត្រាង យកមកកែច្នៃធ្វើ​ជាអង្រុត កន្រ្តក កាបូប ឈ្នាង ល្អី កញ្ច្រែង និងសម្ភារៈផ្សេងៗទៀត ជាង៤០មុខ កំពុងទទួលការចាប់អារម្មណ៍របស់អ្នករស់នៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ម៉ា រី  ជាម្ចាស់សិប្បកម្មក្នុងស្រុកបានឲ្យ​ដឹងថា អ្នកស្រីប្រកបមុខរបរនេះជាង ៤ ឆ្នាំមកហើយដោយធ្វើខ្លួន​ឯង​ខ្លះ និងទិញពីអ្នកភូមិមួយចំនួនខ្លះ ព្រោះការធ្វើខ្លួនឯងមិនទាន់ភ្ញៀវកម្មង់ឡើយ។ ការដែលទិញពីអ្នកភូមិ និងការធ្វើខ្លួនឯងជាង៤០មុខនេះ រួមមាន៖ វត្ថុអនុស្សាវរីយ៍ ឈ្នាង អង្រុតតូចៗ កន្ត្រក កន្ទេល ល្អី កញ្ច្រែង ត្រក តុបាយឈុត ស្គរដៃ អង្រុត មួក ហិបស្លា ទ្រូ កែវ បំពង់ទឹកត្នោត កន្តាំងជាដើម។ សម្ភារៈទាំងអស់នេះ គឺធ្វើចេញពីវត្ថុធាតុដើម ដូចជា ផ្តៅ ឬស្សី  ត្នោត កំប្លោក ត្រាង ផ្អាវ ល្ពាក់ ជាដើម។

ម្ចាស់សិប្បកម្មវ័យក្មេងរូបនេះបានបន្តថា  មុខរបរមួយនេះអាចរកប្រាប់ចំណូលបានគួរសមក្នុងជីវភាព ដែលលក់បានក្នុងតម្លៃទៅតាមសម្ភារៈនីមួយៗ ភាគច្រើនភ្ញៀវខ្មែរកម្មង់ច្រើនជាងបរទេស។ ការដែលទទួលទិញយកនូវផលិតផលក្នុងស្រុកគឺដូចជា ការផ្តល់ការងារដល់ប្រជាជនចាស់ៗ ដែលនៅផ្ទះនិងជាការសម្រួលជីវភាពផងដែរ។

ជាមួយគ្នានេះ អ្នកស្រី ម៉ា រី បានអំពាវនាវដល់ប្រជាជនខ្មែរ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាននៅខេត្តសៀមរាប ជួយគាំទ្រផលិតផលខ្មែរដែលជាសិប្បកម្មក្នុងស្រុក កែច្នៃដោយដៃនេះបន្ថែមទៀត៕