កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃជិត៥ពាន់លានដុល្លារ ត្រឹម៣ខែ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងចំនួន ២៨,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយកាលថ្ងៃទី២៧ ខែមិថុនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ជាមួយគ្នានេះ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៨១៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២៦,៥% ក្នុងនោះបានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ, កង់, ខ្សែភ្លើងនិងបង្គំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ រីឯ, ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៤៤៥,៩ លានដុល្លារអាមេរិក បានធ្លាក់ចុះ ០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ១៦៤,៨ លានដុល្លារអាមេរិក បានកើនឡើង ២១,៦ % ដោយសារការកើនឡើងនៃការនាំចូលវាយនភណ្ឌនិងសម្លៀកបំពាក់, បរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម។

ព្រឹត្តិបត្រខាងលើ ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានធ្វើការនាំចេញទំនិញទៅទីផ្សាអន្តរជាតិ រួមមាន៖បណ្តាប្រទេសអាស៊ាន សហគមន៍អឺរ៉ុប អាមេរិក ចិន ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងដែរថា ការនាំចេញទំនិញនិងសេវាកម្មរបស់កម្ពុជា ត្រូវ​បានព្យាករថា នឹងកើន​ឡើង​នៅឆ្នាំនេះនិងឆ្នាំក្រោយ​ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រម​ជាមួយនឹ​ង​ការ​ងើបឡើងវិញជាបណ្ដើរៗ​នៃវិស័យទេសចរណ៍ ខណៈ​វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% ក្នុងឆ្នាំ២០២២ និង​កើនដល់ ៦,៨% ក្នុង​​ឆ្នាំ២០២៣៕