ភ្លៀង​ធ្លាក់​ច្រើន​ឆ្នាំ​នេះ ធ្វើឲ្យ​ការផលិត​ស្ករត្នោត​កំពង់ស្ពឺ មិន​គ្រប់​តម្រូវ​ការ​ទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ច្រើននៅក្នុងឆ្នាំនេះ បានធ្វើឲ្យការផលិតស្ករត្នោតកំពង់ស្ពឺ មិនគ្រប់តម្រូវ​ការ​ទីផ្សារ ពោលគឺការផលិតបានត្រឹមតែជាង១០០តោនប៉ុណ្ណោះ ខណៈតម្រូវការទីផ្សារចំនួនជាង២០០តោន ។ នេះបើតាមការបញ្ជាក់លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សំ សារឿន បានបន្ថែមថា ការផលិតស្ករ ត្នោតកំពង់ស្ពឺ ធ្វើឡើងនៅតំបន់ចំនួនបី គឺនៅស្រុកសំរោងទង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមួយតំបន់ទៀតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្នសមាគមមានសមា ជិកជាង១៥០នាក់ និងមានសមាជិកជាក្រុមហ៊ុនលក់និងនាំចេញចំនួន១០ក្រុមហ៊ុន ។ ហើយក្នុងសមាជិករបស់សមាគមម្នាក់ដែលឡើងត្នោតចាប់ពី៣០ដើមឡើងទៅអាចរកចំណូលបាន៦ពាន់ដុល្លារក្នុងមួយរដូវកាល។ ត្រឹមឆ្នាំ២០២០ ក្នុងតំបន់ផលិតរបស់សមាគមមានដើមត្នោតសរុបជិត២៥ម៉ឺនដើម ក្នុងនោះដើមត្នោតឲ្យផលមានជិត៩ម៉ឺនដើម។

លោក សំ សារឿន ក៏បានបង្ហាញក្តីបារម្ភសម្រាប់ថ្ងៃអនាគត ខណៈតំបន់ផលិតកម្មរបស់ស្ករត្នោតកំពង់ស្ពឺ កំពុងក្លាយជាតំបន់មានសក្តានុពលវិនិយោគ អភិវឌ្ឍន៍ជាដីឡូតិ៍ សំណង់ផ្ទះល្វែងជាដើម បើទោះបីជាពេលនេះការថយចុះចំនួនដើមត្នោតនៅក្នុងតំបន់ផលិតកម្ម មិនទាន់ក្លាយជាបញ្ហាចោទ ប៉ះពាល់ដល់ផលិតកម្មនៅឡើយ។

គួរបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជាតាំងពីឆ្នាំ២០១០ ដំណាលគ្នាជាមួយ ម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេដែលត្រូវបានចុះបញ្ជីនៅកម្ពុជា។ ក្រោយមកទៀតស្ករត្នោត​កំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅប្រទេសថៃ វៀតណាម និងឆ្នាំ ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬ ការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ ៕