លោក វេង សាខុន មានកូនប្រុសម្នាក់ ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

លោក ឃី កុសល ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់លោក វេង សាខុន ​​អតីត​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បច្ចុប្បន្ន​កំពុង​កាន់​តួនាទី​ជា​ «អនុរដ្ឋលេខាធិការ» ក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ​លោក​ ឃី កុសល មាន​​ប្រវត្តិសិក្សា និងការងារយ៉ាងណាខ្លះ?

លោក ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក ឃី កុសល បានចូលបម្រើការងារជាមន្រ្តីរាជការតាំងពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសិក្សា​នៅ​ប្រទេស​អង់គ្លេស។ ក្នុងនោះ លោក​បានចូលរួមបំពេញ និងបង្កើតស្នាដៃជូននាយកដ្ឋាននៃក្រសួងចំនួនពីរ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក​ត្រូវបាន​តែង​តាំងតួនាទីជាបន្តបន្ទាប់ ចាប់ពីតួនាទីជាមន្រ្តីរដ្ឋបាល និងធនធានមនុស្ស ដល់អនុរដ្ឋលេខាលេខាធិការ នៃក្រសួងកសិកម្ម។

មន្ត្រីជាន់ខ្ពស់​វ័យ​ក្មេង​រូប​នេះ​ បានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាល​ពាណិជ្ជកម្មពីសាកល​វិទ្យាល័យ UWIC ពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រ​នៅក្នុងប្រទេសជំនាញសំណង់ស៊ីវិល និងរដ្ឋបាលពាណិជ្ជកម្ម។

លោក ឃី កុសល ត្រូវបាន​ព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ២០២២ ខណៈ​ដែល​មុនមាន​ការ​តែងតាំង​តំណែងថ្មីនេះលោកជាអគ្គលេខាធិការរង ក្រសួងកសិកម្ម។

បច្ចុប្បន្ន​ លោក ឃី កុសល ក៏​មាន​តួនាទី​ផ្សេងៗ​បន្ថែម​ទៀត​ដូចជា នាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដី​​ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) និងជា​​​សមាជិក​ក្រុម​ប្រឹក្សាភិបាល នៃធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

សូមជម្រាបជូនថា ​​កាល​ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ២០២២ ​​លោក វេង សាខុន ដែលជា​ឪពុក​របស់​លោក ឃី កុសល ​​ត្រូវ​បាន​​​បញ្ចប់​មុខតំណែងពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះយ៉ាងណា ​សម្រាប់​លោក ឃី កុសល ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​វ័យ​ក្មេង​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់ ពូកែ​ទាំង​​ភាសា​បរទេស ភាព​ជា​អ្នកដឹកនាំ និង​ភាពក្លាហាន។

លោក ឃី កុសល ​​តែង​តែ​ទទួល​បាន​ការ​គោរពស្រលាញ់​ពី​មន្ត្រី​ក្រោមឱវាទ ជាពិសេស​​សម្រាប់​មន្ត្រី​ថ្នាក់ក្រោម​​ភាគ​ច្រើន​ ​តែងតែ​ចាត់ទុក​រូប​លោក​ជា​និមិត្តរូប (Idol) ផង​ដែរ៕