លោក ហ៊ុន ម៉ានិត ដំឡើងឋានៈជារដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន ០៥រូប ឋានៈស្មើ រដ្ឋមន្ត្រី ​នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីទាំង ៥រូបនោះក៏មានកូនប្រុសកណ្តាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានិត ឈរលេខរៀងទី២ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើសមុខងារបច្ចុប្បន្ន ជាឧត្តមសេនីយ៍ផ្កាយ ២ ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា, អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី។

​នៅក្នុង​ជួរ គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានិត ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល​។

នៅលេខរៀងទី១ គឺលោក ឈីវ យីស៊ាង មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើសមុខងារបច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកក៏ជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ចំណែកឯទី៣ លោក ប៉ាន់ខែម ប៊ុនថន មានឋានៈស្មើរដ្ឋមន្ត្រី លោកជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ នៅលេខរៀងទី៤ លោក ស្លាត សុភាព មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន និងលោក ហាក់ សុខហៃ ឈរលេខរៀងទី៥ មានឋានៈស្មើរដ្ឋមន្ត្រី។

សូមជម្រាបថា ​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ហៅ​កាត់​ថា «​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មាន​លោក ហូ សិទ្ធី ជានា​យកមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។​

​លោក ហូ សិទ្ធី មាន​នាយករង​២២​រូប​ទៀត ដែល​ក្នុងនោះ មាន លោក ប្រាក់ វណ្ឌ​ឌី លោក ង៉ែត បូរី លោក ហ៊ីង ប៊ុន​ហៀ​ង លោក ហ៊ុយ ពិសិដ្ឋ លោក អ៊ី ឈាន ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។

​លោក យី ដន លោក គីម ប៊ុន​ថា​ន លោក ហ៊ុន ស៊ីថា លោក រស់ កុសល លោក តាន់ បញ្ញាវុធ លោក ចៅ តុល លោកស្រី ម៉ែន នារី​សោ​ភ័គ លោក ឈរ ផល្លី លោក កែវ បាភ្នំ លោក សេង ទៀង និង​លោក កឹម​រ័ត្ន វិសិដ្ឋ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។​

​លោក ឈី​វ យី​ស៊ា​ង លោក ហ៊ុន ម៉ានិត លោក ប៉ាន់​ខែម ប៊ុនថន លោក ស្លាត សុភាព លោក ហាក់ សុខ​ហៃ មានឋានៈស្មើរដ្ឋមន្ត្រី និង​លោក អ៊ុំ គី​តូ មាន​ឋានៈ​ស្មើ​ររដ្ឋលេខាធិការ។

​ចំណែកឯ​សមាសភាព​ពិធីការ ដែល​ហៅ​កាត់​ថា «​ពិធីការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​» ដឹកនាំ​ដោយ​លោកស្រី សុង​ឡេង បូរ៉ា នាយិកា​ពិធីការ​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ សមាជិក​ពិធីការ​៤​រូប​ផ្សេងទៀត​រួមមាន លោកស្រី ទ្រី សុខា លោក ជា យុពា ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ លោក សុខ សូរិយា និង​លោកស្រី រស់ ច័ន្ទ​ផល្លី មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។

​យោងតាម​ព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ សមាជិក «​ក្រុម​លេខា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​» ដែល​ត្រូវ​បំពេញការងារ​ផ្ទាល់​នៅ​ខុទ្ទកាល័យ មាន​ចំនួន​៣១​រូប ដោយ​២៤​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៦​រូប មាន​ឋានៈ​ស្មើ​អគ្គនាយក​។​

​សមាជិក​ក្រុម​លេខា ផ្សេងទៀត មាន​ចំនួន​៣៥​រូប ដោយ​១៣​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​២២​រូប​ទៀត មាន​ឋានៈ​ស្មើ​អគ្គនាយក​៕